ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCFនៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២១នេះ បានឲ្យដឹងថា ជាទូទៅ មេតាណុល អាចត្រូវបានគេប្រើប្រាស់ នៅក្នុងវិស័យជាច្រើន ក្នុងនោះ នៅក្នុងប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់ វាមានមុខងារ ជួយសម្រួលនៅក្នុងដំណើរការ Denitrification ដែលធ្វើឱ្យពពួកបាក់តេរី ដែលរស់នៅក្នុងលក្ខខណ្ឌគ្មានខ្យល់ ជួយជំរុញក្នុងការបំបែកជាមួយសារធាតុផ្សេងៗ ជាពិសេស ពពួកនីត្រាត ឬ អាម៉ូញ៉ាក់ បង្កើតជាឧស្ម័នអាសូត។

តាមរយៈប្រតិកម្មនេះ កំហាប់មេតាណុល នឹងត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង។
ម្យ៉ាងទៀតតាមលក្ខណៈរូប មេតាណុល គឺជាអាល់កុល ដែលងាយរលាយចូលជាមួយទឹក ដោយគ្មានកំណត់។ ដូច្នេះនៅពេលដែលមេតាណុល ត្រូវបានចាក់ទៅក្នុងទឹកសំអុយ វានឹងត្រូវរលាយទាំងស្រុងជាមួយទឹក ដែលធ្វើឱ្យកំហាប់ ចុងក្រោយរបស់វា គឺមានបរិមាណតិចតួចបំផុត មុននឹងហូរទៅដល់ប្រភពចុងក្រោយ ដែលនឹងមិនអាចបង្កផលប៉ះពាល់ ដល់ពពួកសរីរាង្គមានជីវិតបានឡើយ។

យោងតាមឯកសារវិទ្យាសាស្រ្ត សារធាតុមេតាណុល អាចបង្កការពុលចំពោះសរីរាង្គមានជីវិតក្នុងទឹក ដូចជាត្រី សណ្ដានក្ដាមខ្យង ឬ សារាយ ប្រសិនបើកំហាប់មេតាណុលលើសពី ១០,០០០ មីលីក្រាម ក្នុង១លីត្រ (១%)។ ដូច្នេះដោយយោងតាមការអនុវត្តជាក់ស្ដែងដោយមន្រ្តីជំនាញខាងលើ យើងអាចវាយតម្លៃបានថា សំណល់មេតាណុលនៅក្នុងទឹកសំអុយខាងលើ នឹងមិនអាចប៉ះពាល់ដល់សរីរាង្គមានជីវិត ក៏ដូចជាបរិស្ថានបានឡើយ។
ការជ្រើសរើសការចាក់ចោលមេតាណុល ចូលទៅក្នុងដីមិន អាចជាជម្រើសល្អឡើយ ដោយហេតុថា វាអាចបង្កផលប៉ះពាល់ ទៅដល់បរិស្ថាន តាមរយៈការហួតហើរទៅក្នុងខ្យល់ ឬ ធ្វើឱ្យជ្រាបសាយភាយចូលក្នុងដី និងទឹកក្រោមដី។
ពាក់ព័ន្ធទៅនឹងការកម្ទេចចោលសារធាតុមេតាណុលនេះ អគ្គនាយកដ្ឋាន ក.ប.ប. តែងតែមានកិច្ចសហការ ជាមួយស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដោយឈរលើស្មារតីយកចិត្តទុកដាក់ វាយតម្លៃហានិភ័យ និងថ្លឹងថ្លែងពីផលប៉ះពាល់សុខភាព បរិស្ថាន សេដ្ឋកិច្ច និង សង្គម ដោយតម្កល់ផលប្រយោជន៍ជាតិខ្ពស់បំផុត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



