Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ស្នើអាមេរិកពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាជំពាក់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើសុំឲ្យរដ្ឋបាលលោក ចូ បៃដិន ពិនិត្យពិចារណាដោះស្រាយបំណុល ដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក ដោយអនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះ តាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ និងសងប្រាក់តាមកម្មវិធីដែលមានការប្រាក់ត្រឹម ១% និងបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនោះ គឺសំណង៧០ភាគរយ ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី១ ខែមិថុនា នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការ លើការបញ្ជូនជនជាតិកម្ពុជាត្រឡប់មកពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។ សម្ដេចក៏បានថ្លែងអំណរគុណ ចំពោះលោកស្រី Wendy R. Sherman នូវអ្វីដែលលោកស្រីបានលើកឡើង ជាពិសេសការដោះស្រាយនូវបញ្ហាបំណុល។

ជាការឆ្លើយតប លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិកបានសន្យាថា អ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន និងជាសំណើរបស់សម្តេចតេជោ លោកស្រីនឹងលើកទៅជូនលោកចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។
ទាក់ទងជំនួបពិភាក្សានៅក្នុងជំនួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិកបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ដំណើរទស្សនៈកិច្ចរបស់លោកស្រីមកកាន់កម្ពុជានាពេលនេះ គឺដើម្បីពាំនាំយកលិខិតរបស់លោកប្រធានាធិបតី ចូ បៃដិន មកជូនសម្តេចតេជោដោយផ្ទាល់។ នេះគឺជាបំណងរបស់ប្រធានាធិបតី ចូ បៃដិន ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អសម្រាប់ប្រទេសទាំងពីរ។

លោកស្រី Wendy R. Sherman បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមក លើវិស័យជាច្រើន ជាពិសេសលើវិស័យរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងនិងកិច្ចសហប្រតិបត្តិការវិស័យមនុស្សធម៌ ដូចជាការអនុញ្ញាតឲ្យកប៉ាល់ Westerdam ចូលចតនៅកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់នៅលើកប៉ាល់ ដោយប្រទេសទៀតមិនអនុញ្ញាតឲ្យចូល ដោយបញ្ហាកូវីដ១៩។

លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមានទាំងការលុបបំបាត់បំណុល របស់កម្ពុជាកិច្ចសហប្រតិបត្តិការលើប្រេ ងនិងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះអ្វីដែលអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិក បានរួមចំណែកជួយដល់កម្ពុជា រួមមានចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា រហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិក មកដល់កម្ពុជាដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអបអរសាទរ ជូនដល់ប្រជាជន រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងឺកូវី១៩ បានជោគជ័យ ដែលជាការឆ្លុះបញ្ចាំងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានការចុះថយ នៃការរីករាលដាលឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គួរឲ្យកត់សម្គាល់។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទៅកាន់ប្រទេសមួយចំនួន គឺប្រទេសបែលហ្ស៊ិក តួកគី ឥណ្ឌូនេស៊ី កម្ពុជា ប្រទេសថៃ និងចុងក្រោយរដ្ឋហាវ៉ៃ ចាប់ពីថ្ងៃ២៥ ខែឧសភា ដល់ថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×