ភ្នំពេញ ÷ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នបានទាក់ដៃចង្កូត ចូលក្រោមកង់រថយន្តកុងតឺន័រ បណ្តាលឲ្យកិនស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ចំណែកឯតៃកុងរថយន្តកុងតឺន័រ បើកទ្វារត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៥០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចមុខសាលាបឋមសិក្សាភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌បៃតងចាស់ពាក់ផ្លាកលេខ ភ្នំពេញ៣-F ០១៤១ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យមខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០០៨ មួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ កោះកុង០៦៧១ ធ្វើដំណើរស្របទិសពីក្រោយ ក្នុងល្បឿនលឿន វ៉ាជែងបានទាក់ដៃចង្កូតជាំមួយនឹងរថយន្ត រអិលចូលក្រោមកង់កិនស្លាប់ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចបានទំនាក់ទំនង ទៅខាងជំនាញក្រុង ឲ្យចុះមកវាស់វែង យកម៉ូតូនិងរថយន្តបង្ក ទៅរក្សាទុកនៅខាងការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត





