ភ្នំពេញ ÷ ជនដៃដល់មានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមកដេញកាប់ទៅលើយុវជនម្នាក់ ពីក្រោយ បណ្តាលឲ្យជនរងគ្រោះស្លាប់ ក្នុងថ្លុកឈាម ករណីខាងលើនេះសង្ស័យថា ជាករណីស្នេហាត្រីកោណ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចទលមុខការដ្ឋានបូមខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ធ្រឹង ហៅគឹន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងមាស មានទីលំនៅក្នុង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាកនិចមួយគ្រឿង ពណ៌ផ្កាឈូកលាយ សពាក់ផ្លាកលេខ ភ្នំពេញ 1-GN 2249 ឌុបនារីម្នាក់នៅពីក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញលេចមុខជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកបានដេញពីក្រោយ ទៅលើជនរងគ្រោះ រួចទាញកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះមួយកាំបិត ចំក្រោមចង្កេះ បន្ទាប់មកជនរងគ្រោះ ក៏បានព្យាយាមជិះម៉ូតូរត់គេចខ្លួន ក៏ជ្រុលទៅបុក របងនៅមុខការដ្ឋានបូមខ្សាច់ បណ្តាលឲ្យដួលម៉ូតូស្លាប់ នៅកន្លែងតែម្តងទៅ ចំណែកឯជនបង្ក ក៏បានយកនារីដែលអង្គុយក្រោយជនរងគ្រោះ ឡើងម៉ូតូជិះរត់គេចខ្លួនទាំង៣នាក់ បាត់ស្រមោលទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានយកខ្សែព័ទ្ធជុំវិញសពជនរងគ្រោះ រួចក៏បានទំនាក់ទំនង ទៅខាងជំនាញកោសល្យវិច័យ ឲ្យចុះមកពិត្យទៅលើសពជនរងគ្រោះបន្ត ចំណែក ឯជនដៃដល់ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត ដើម្បីតាមឃាត់ខ្លួន យកមកចាត់ការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សាមេត










