ព្រះវិហារ ៖ នេះរឿងមួយដ៏គួរឲ្យហួសចិត្តខ្លាំងណាស់ ខណៈដែលគ្រួសារមួយនៅក្នុងខេត្តព្រះវិហារ បានធ្វើពិធីភ្ជាប់ពាក្យកូនស្រី ដោយអញ្ជើញភ្ញៀវចូលរួមដ៏មិនធម្មតា រហូតដល់ទៅប្រហែលជាង ២០០ នាក់ ឯណោះ ហើយជាលទ្ធផល ត្រូវបានរកឃើញថាកូនកំលោះ និងកូនក្រមុំ មានវិជ្ជមានកូវីដ១៩។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅក្នុងពិធីភ្ជាប់ពាក្យមួយ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានរកឃើញអ្នកកើតកូវីដ១៩ ចំនួន៣នាក់គឺ៖ កូនកំលោះ កូនក្រមុំ និងក្មួយស្រីម្នាក់របស់ពួកគេអាយុ ៥ ឆ្នាំ ។ ចំណែកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាង ២០០ នាក់។

ជុំវិញករណីនេះផងដែរ លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា សាច់ញាតិដែលបានទៅ ចូលរួមក្នុងពិធីភ្ជាប់ពាក្យនោះមានចំនួន ៤ នាក់ទៀត បានឆ្លងកូវីដ១៩ ផងដែរ ហើយអ្នកទាំងបួន បានចាកចេញពីខេត្តព្រះវិហារ ត្រឡប់ទៅកាន់ស្រុកកំណើតនៅក្នុងខេត្តកំពត និងខេត្តតាកែវ បន្ទាប់ពីបញ្ចប់ពិធីភ្ជាប់ពាក្យរួច។
លោក គួង ឡូ បានបញ្ជាក់ថា ការស្រាវជ្រាវបានរកឃើញអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន ៧០ នាក់ ហើយពួកគេក៏ត្រូវបានធ្វើតេស្តរហ័សរកកូវីដផងដែរ ប៉ុន្តែ ជាលទ្ធផល គឺអវិជ្ជមានទាំងអស់។ តែទោះយ៉ាងណា នៅពេលនោះ ពួកគាត់ទាំងនោះ ក៏ត្រូវបានយកទៅធ្វើតេស្តបន្ថែម និងក៏ដូចធ្វើចត្ថាឡីស័ក ទៅតាមនីតិវិធី។ ដោយឡែក សម្រាប់អ្នកប៉ះពាល់ដោយប្រយោលប្រមាណជាង ១៥០ នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ដោយឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

ដោយឡែក បើយោងតាមទ័ព័រហ្វេសប៊ុក «មន្ទីរសុខាភិបាលខេត្តព្រះវិហារ» បានធ្វើការបញ្ជាក់បន្ថែមថា៖ «ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមស្រាវជ្រាវនិងវាយតម្លៃហានិភ័យជំងឺកូវីដ១៩ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ រួមជាមួយមន្ត្រីឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ,មន្ទីរពេទ្យបង្អែកជាំក្សាន្ត , មន្ត្រីមណ្ឌលសុខភាពស្រអែម , មន្ត្រីមណ្ឌលសុខភាពសម្តេចជាសុីម និងមានការចូលរួមសហការពីអាជ្ញាធរដែនដី បានចុះវាយតម្លៃហានិភ័យ ដល់អ្នកពាក់ពន្ធ័ជាមួយអ្នកផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន២នាក់មកពីខេត្តកំពត ដែលបានមកចូលរួមក្នុងកម្មវិធីភ្ជាប់ពាក្យកូន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រុមការងារបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធផ្ទាល់សរុបចំនួន៤៤ នាក់ និងអ្នកពាក់ព័ន្ធប្រយោលចំនួន ១២២ នាក់ ។

ក្រុមការងារបានយកសំណាកដោយធ្វើតេស្តរហ័ស ដល់អ្នកពាក់ព័ន្ធផ្ទាល់ទាំង៤៤នាក់ ជាលទ្ធផលមានអ្នកផ្ទុកវិជ្ជមានកូវីដ១៩ចំនួន ៣នាក់ រួមមាន ៖១,ឈ្មោះ យោន សូយទ្រី ភេទប្រុស អាយុ ២២ឆ្នាំ ២,ឈ្មោះ អៀង សូជីង ភេទស្រី អាយុ២១ ឆ្នាំ ៣,ឈ្មោះ លឹម ស្រីលីន ភេទស្រី អាយុ ៥ឆ្នាំ អ្នកទាំង៣រស់នៅ ភូមិស្រអែម និងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ពួកគាត់ទាំង៣នាក់ត្រូវបានបញ្ជូនមកធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ដោយដាក់នៅអាគារដាច់ដោយឡែក។ អ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកទាំង៣ខាងលើ បានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ចំណែកទីតាំងដែលពាក់ពន្ធ័មានចំនួន៤កន្លែង ក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគ ព្រមទាំងបិទខ្ទប់ជាបណ្តោះអាសន្នផងដែរ។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




















