ភ្នំពេញ ៖ នៅព្រឹកមិញនេះ (ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១) មហាជនពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីគេបានប្រទះឃើញអ្នកនាង ដេត ម៉ាលីណា បានធ្វើដំណើរចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ ដែលធ្វើឲ្យមហាជនសន្និដ្ឋានថា អាចប្រហែលក្នុងរឿងក្តីពាក់ព័ន្ធករណីប្តឹងអតីតស្វាមីលោក ឌួង ឆាយ តែម្តង ពីបទប្រើប្រាស់អំពើហិង្សា។

តែជុំវិញការឡើងតុលាការរបស់អ្នកនាង ដេត ម៉ាលីណា នៅពេលនេះផងដែរ យើងក៏នៅមិនទាន់ដឹងច្បាស់ថា តើអ្នកនាង ដេត ម៉ាលីណា បន្តប្តឹង ឬអាចលើកលែងទោសឲ្យអតីតស្វាមីរបស់ខ្លួន ឬយ៉ាងណានោះទេ ខណៈដែលគេនៅចាំថា កាលពីកន្លងមក និងក៏ដូចក្រោយលាចាកសិក្ខាបទពីព្រះសង្ឃវិញ លោក ឌួង ឆាយ ក៏បានបង្ហោះសារ និងក៏ដូចធ្វើការ Live វីដេអូ ទទួលស្គាល់នូវកំហុសគ្រប់សព្វបែបយ៉ាងសារជាថ្មីម្តងទៀត ហើយក៏សូមឲ្យអតីតភរិយាយអហោសកម្ម នូវរឿងរ៉ាវដែលខ្លួនបានប្រព្រឹត្តដ៏មិនគប្បី កាលពីកន្លងមកផង។

តែទោះយ៉ាងណា នៅលើហ្វេសប៊ុករបស់អ្នកនាង ដេត ម៉ាលីណា នៅមិនទាន់លុបចោលសាររៀបរាប់ ស្វែងរកយុត្តិធម៌យ៉ាងវែងអន្លាយ ដោយភ្ជាប់ជាមួយវីដេអូភស្តុតាង ដែលអតីតស្វាមី ឌួង ឆាយ បានប្រើអំពើហិង្សាយ៉ាងសាហាវៗមកលើរូបនាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






