ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បើកប្រតិបត្តិការចុះបង្ក្រាប និងរឹបអូសអាល់កុលចំនួន៧៤០៦០លីត្រ នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ហើយសមត្ថកិច្ចកំពុងបន្តស្វែងរក ចាប់ជនសង្ស័យពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងទាំងនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួល នីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្រ្កាបទីតាំងឃ្លាំងចំនួន៣ ដែលជាទីតាំងស្តុកទុក និងចែកចាយអាល់កុល ស្ថិតនៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងទាំងនោះ កម្លាំងចម្រុះរបស់គណៈកម្មាធិការ បានរកឃើញវត្ថុតាង អាល់កុលចំនួន១,៥០៨កាន និងសារធាតុមេតាណុល (METHANOL) ចំនួន ១៣១ធុង សរុបចំនួន៧៤,០៦០លីត្រ (ប្រាំពីរម៉ឺនបួនពាន់ហុកសិបលីត្រ) ដែលអាល់កុល ទាំងអស់នេះ ១) អាល់កុលក្លែងក្លាយ ២) គ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗ ជាពិសេសមេរោគកូវីដ-១៩ អ្វីទាំងអស់ ៣) ពុំមានច្បាប់អនុញ្ញាត ពីក្រសួង-ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ រៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បង្ហាញពីកិច្ចប្រតិបត្តិការបង្ក្រាបនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យក្រសួងមហាផ្ទៃ សម្របសម្រួលដឹកនាំ ការបង្ក្រាបផលិតផលឱសថសាស្ត្រ និងវេជ្ជសាស្ត្របង្ការ ទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ ក្លែងក្លាយ និងគ្មានគុណភាព។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែដឹកនាំចង្អុលទិស ក្នុងការចុះអនុវត្តអនុសាសន៍ខាងលើនេះដែលស្តែងចេញឡើងនូវសកម្មភាពបង្ក្រាបថ្ងៃនេះ។

ដោយឃើញថា ទីតាំងខុសច្បាប់នេះ មិនអនុលោមតាមច្បាប់ ព្រះរាជអាជ្ញា សម្រេចឲ្យគណៈកម្មាធិការ បិទទីតាំងទាំងនេះ ដោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។ សមត្ថកិច្ចកំពុងបន្តស្វែងរក ចាប់ជនសង្ស័យពាក់ព័ន្ធ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដែលនេះជាការចុះបង្ក្រាប ទីតាំងស្តុកទុក ចែកចាយអាល់កុលក្លែងក្លាយដ៏ធំ និងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានកន្លងមក។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអះអាងថា មានជនខិលខូចមួយចំនួនកំពុងបាននាំចូល ស្តុកទុក និងចែកចាយអាល់កុលក្លែងក្លាយ នៅលើទីផ្សារកម្ពុជា ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩ ដែលអ្នកប្រើប្រាស់កំពុងមានតម្រូវ ការប្រើប្រាស់ច្រើនជាហានិភ័យ ងាយរងផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋផងដែរ គណៈកម្មាធិការនឹងបន្តតាមដាន ស្រាវជ្រាវ លើកិច្ចការងារនេះបន្ថែមទៀត ដើម្បីនាំជនល្មើសឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ








