មណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យ២នាក់ ជាមេឈ្មួញរកសុីឈើខុសច្បាប់ល្បីឈ្មោះប្រចាំស្រុកកែវសីមា ដោយយោងតាមដីកាបញ្ជា ឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅត្រង់ចំណុចរមណីយដ្ឋានកាំពី ខេត្តក្រចេះ នៅថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២១។ ជនសង្ស័យ ឈ្មោះសារី គ្រីយ៉ា ភេទប្រុស អាយុ ៤៣ ឆ្នាំ និងឈ្មោះហាំ ប៉ូលី ភេទប្រុស អាយុ៤១ ឆ្នាំ ពីបទ ប៉ុនប៉ងឃាតកម្ម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រព្រឹត្តិកាលពីថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១ នៅចំណុចភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ជនសង្ស័យទាំង២នាក់ បាននាំខ្លួនយកមកកាន់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីប្រគល់ជូនតំណាង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនិតិវិធីតាមច្បាប់ ។
គួរបញ្ជាក់ ជនសង្ស័យឈ្មោះ សារី គ្រីយ៉ា ជាមេឈ្មួញរកសុីខុសច្បាប់ដ៏ល្បីឈ្មោះម្នាក់ប្រចាំស្រុកកែវសីមា និងជាអ្នកគៀរគរមនុស្ស ឲ្យចូលទៅលួចកាប់បំផ្លាញព្រៃឈើ ក្នុងដែនដែនអភិរក្សសត្វព្រៃកែវសីមា និងជាបុគ្គលល្បីឈ្មោះ ខាងកាប់ទន្ទ្រានដីព្រៃអភិរក្ស យកធ្វើកម្មសិទ្ធិ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

