នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga គឺមានគម្រោងសន្យាផ្តល់ជំនួយបន្ថែម ចំនួន៨០០លានដុល្លារ ទៅកាន់អង្គការសុខភាពពិភពលោកសម្រាប់កម្មវិធី COVAX ដែលបានផ្តល់វ៉ាក់សាំងកូវីដ១៩ ទៅកាន់ប្រទេសដែលត្រូវការ។ នេះបើយោងទៅតាមការរាយការណ៍របស់ការសែតឈ្មោះ Mainichi កាលពីថ្ងៃពុធ។
បើយោងទៅតាមប្រភពខាងលើ ដែលមិនបញ្ជាក់ពីប្រភពច្បាស់លាស់នោះបានបញ្ជាក់ថា ជប៉ុនក៏បានសន្យាផ្តល់ជំនួយចំនួន២០០លានដុល្លារទៅកាន់ COVAXរួចហើយដែរ ហើយប្រទេសជប៉ុនរំពឹងថា នឹងប្រកាសបរិច្ចាកថ្នាំវ៉ាក់សាំងទៅកាន់កម្មវិធីផ្តល់ជំនួយរបស់ COVAX ទៀតផងដែរ។
លោក Suga នឹងដឹកនាំកិច្ចប្រជុំកំពូលCOVAXតាមប្រព័ន្ធអនឡាញនៅថ្ងៃពុធ ដែលមានការចូលរួមពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីលោកស្រី កាមាឡា ហារីស អ្នកសប្បុរសធម៍លោកបីល ហ្គៀត និងអ្នកតំណាងមកពីក្រុមប្រជាជាតិទាំង៧ផ្សេងទៀត។
បើយោងទៅតាមមន្ត្រីរបស់រដ្ឋាភិបាលជប៉ុនប្រាប់អ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃអង្គារកន្លងទៅថា កិច្ចប្រជុំកំពូលនេះគឺមានគោលបំណងដើម្បីបំពេញចន្លោះថវិកាចំនួន១ .៧ពាន់លានដុល្លារ ហើយខ្លួនក៏សង្ឃឹមថា ប្រទេសដទៃទៀត និងអង្គការ អាចជួយជំរុញថវិកាដែលពួកគេបានសន្យា និងផ្តល់ជូនវ៉ាក់សាំងទៅកាន់កម្មវិធីCOVAX។
សមាជិកសភាជប៉ុន បានជំរុញឱ្យមានការផ្គត់ផ្គង់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាស្រា្តសេនីកា ដល់កោះតៃវ៉ាន់ដែលកំពុងដោះស្រាយជាមួយនឹងការកើនឡើងនៃការឆ្លងមេរោគក្នុងស្រុក និងបានចាក់វ៉ាក់សាំងតិចជាង ២ ភាគរយនៃប្រជាជនចំនួន ២៣.៥ លាននាក់របស់ខ្លួន។
ក្នុងនោះ ប្រទេសជប៉ុនមិនទាន់មានគម្រោងពន្លឿនការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ដែលខ្លួនមាន និងបានធានាសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់នូវប្រភេទវ៉ាក់សាំងផ្សេង សម្រាប់ចំនួនប្រជាជនទាំងមូលរបស់ខ្លួន៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

