Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធដារ​រកឃើញ​រថ​យន្ត​មិនទាន់​បង់ពន្ធ​ឆ្នាំ​២០១៧ ជិត​៦​ពាន់​គ្រឿង ហើយ​ផាកពិន័យ​បាន​ជាង​១​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ រថយន្ត​ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ នៅតែ​ធ្វើចរាចរ​នៅលើ​ដងផ្លូវ ត្រូវបាន​ក្រុមការងារ​ចម្រុះ​នៃ​អគ្គនាយកដ្ឋាន ពន្ធដារ​ចុះ​ត្រួតពិនិត្យ​លើ យានយន្ត​ណា​ដែល​មិនទាន់​បង់ពន្ធ​ប្រភេទ ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ​តម្រូវឱ្យ​រថយន្ត​បង់ប្រាក់​ពន្ធ រួមទាំង​ប្រាក់​ពិន័យ​មាន​ប្រមាណ​ជាង ១,២២ លាន​ដុល្លារ​។​

​បើតាម​សេចក្តីប្រកាស​របស់​អគ្គ​នាយក​រដ្ឋា​ន​ពន្ធដារ ៖ គិត​ត្រឹម​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ រួមជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ បានធ្វើការ​ផាកពិន័យ​នៅនឹងកន្លែង​គោលដៅ​ត្រួតពិនិត្យ និង​បាន​រកឃើញថា​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស មាន​រថយន្ត​ចំនួន ៥.៨២៣ គ្រឿង ដែល​មិន​បានមក​ប្រកាស​បង់ពន្ធ​បាន​ទាន់ពេលវេលា ស្របតាម​ការកំណត់​ដោយ​ច្បាប់ ហើយ​រថយន្ត​ទាំងនោះ ត្រូវបាន​តម្រូវឱ្យ​បង់ប្រាក់​ពន្ធ រួមទាំង​ប្រាក់​ពិន័យ​មាន​ចំនួន ៤.៩១៥​លាន​រៀល (​ប្រមាណ​ជាង ១,២២ លាន​ដុល្លារ​)​។​ ដោយ​សង្កេតឃើញ​មាន រថយន្ត​ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ នៅតែ​ធ្វើចរាចរ​នៅលើ​ដងផ្លូវ​នៅឡើយ ដូច្នេះ​ក្រុមការងារ​ចម្រុះ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅតែ​បន្ត​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​លើ យានយន្ត​ណា​ដែល​មិនទាន់​បង់ពន្ធ​ប្រភេទ​នេះ​តទៅទៀត ដើម្បី​ពង្រឹង​វប្បធម៌​នៃ​ការបង់ពន្ធ និង​បង្កើន​ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព នៃ​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ប្រកបដោយ​តម្លាភាព សមភាព និង​អស់​សក្តានុពល​។​

​ជាថ្មី​ម្តងទៀត អគ្គនាយកដ្ឋាន​ពន្ធដា​រ​មានបំណង​ផ្តល់​ការ​ក្រើនរំលឹក ក៏ដូចជា​ការប្រកាស​ជា​ព័ត៌មាន​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​សហគ្រាស ក៏ដូចជា​សាធារណជន រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៧ ឱ្យបាន​គ្រប់ៗ​គ្នា នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​សាខា​ធនាគារ​កាណាឌីយ៉ា ក​.​អ ឬ​នៅ​សាខា​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ឬ​នៅ​សាខា​ធនាគារ​វឌ្ឍនៈ ឬ​នៅ​សាខា​ធនាគារ​កម្ពុជា​សាធារណៈ​ណាមួយ ដើម្បី​ចៀសវាង​នូវ​ការឃាត់​យានយន្ត​តាម​ដងផ្លូវ ដោយ​មន្ត្រី​ពន្ធដារ និង​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​អាច​នាំឱ្យ​មានការ​កកស្ទះ ចរាចរណ៍​ធ្វើដំណើរ ខាត​ពេលវេលា និង​អាច​កើតមាន​នូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​។​

​សូមជម្រាបថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​សហការ​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨​មក បាននិងកំពុង​ចុះ​តាម​គោលដៅ​សំខាន់ៗ ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០១៧ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×