ពលរដ្ឋរុស្ស៊ីម្នាក់បានមកទេសចរណ៍នៅប្រទេសវៀតណាម រួចក៏ទិញស្រាត្រាំពស់វែក និងខ្យាដំរី ។ ទំនិញចម្លែកបែបនេះ ត្រូវបានភ្នាក់ងារគយចាប់អារម្មណ៍ពេលគាត់ត្រឡប់ទៅប្រទេសវិញ ។ ម្ចាស់ទំនិញបានត្រូវអញ្ជើញឲ្យចូលក្នុងបន្ទប់ត្រួតពិនិត្យដែលគេសង្ស័យ។ ក្រោយពីធ្វើកំណត់ហេតុដបស្រានោះបានត្រូវបញ្ជូនទៅបន្ទប់វិភាគ។
តំណាងស្ថាប័នគយនិយាយថា ទំនិញប្រភេទនេះ វាបំពាននឹងអនុសញ្ញាអន្តរជាតិ CITES ស្តីពីការអភិរក្សសត្វនិងរុក្ខជាតិក្នុងព្រៃ។ ពិតជាសំណាងល្អសម្រាប់បុរសជាម្ចាស់ដបស្រានេះ ក្រោយពេលដែលបន្ទប់ពិសោធន៍បានឆ្លើយថា ពស់នេះជាពស់ព្រលឹតវាពុំមែនជាពស់វែកឡើយ រីឯក្បាលពស់ដែលបើកវែកចេញត្រូវបានគេកែច្នៃដោយលោហៈ។
ហេតុនេះឯងគាត់ក៏បានគេចផុតពីបទល្មើសព្រហ្មទណ្ឌតាមច្បាប់រុស្ស៊ី ព្រោះថា ប្រសិនបើពស់នោះជាពស់វែកវិញ ភ្ញៀវទេសចរណ៍រូបនេះអាចជាប់ពន្ធនាគារ៧ឆ្នាំ ពីបទជួញដូរទំនិញហាមឃាត់៕