Friday, September 30, 2022

ផ្តល់​ឈាម​ដើម្បី​សង្គ្រោះ​អ្នកជំងឺ គឺ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ​

spot_img

​ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម បាន​អះអាងថា​ការបរិច្ចាគ​ឈាម គឺ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ ថែមទាំង​ជួយ​ធ្វើឱ្យ​ឈាមរាវ មាន​លំហូរ​ឈាម​ល្អ នៅក្នុង​រា​ង្គ​កាយ ជាពិសេស ការបរិច្ចាគ​ឈាម បាន​ឆ្លុះបញ្ចាំង​ពី​សកម្មភាព និង​ឆន្ទៈ​មនុស្សធម៌​របស់​មនុស្ស​ម្នាក់ៗ ព្រោះថា ឈាម​មួយ​ផ្លោក​ដែល​យើង​បរិច្ចាគ អាចជួយ​ជីវិត​មនុស្ស ដែល​កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់ ដោយ​គ្មាន​ការ​រើ​ង​អើ​ង​។​

​ពាក់ព័ន្ធ​នឹង​ការផ្តល់​បរិច្ចាក​ឈាម​នេះដែរ​លោក​បាន​បន្ថែមថា បច្ចុប្បន្ន​តម្រូវការ​ឈាមមាន​ច្រើន គ្រាន់តែ​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម​មួយកន្លែង ត្រូវការ​ឈាម រហូតដល់​ទៅ ២០០​ផ្លោក​ក្នុង​១​ថ្ងៃ​។

​លោក​វេជ្ជបណ្ឌិត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់ ចូលរួមចំណែក ក្នុង​ការធ្វើសកម្មភាព​មនុស្សធម៌ តាមរយៈ​ការបរិច្ចាក​ឈាម​ឱ្យបាន​ច្រើន​ថែមទៀត​ពីព្រោះថា​តម្រូវការ​ឈាមមាន​ជា​រៀងរាល់ថ្ងៃ​ហើយ​អ្នកជំងឺ​ច្រើនណាស់​កំពុង​ត្រូវការ​ដើម្បី​បន្តជីវិត​រស់នៅ​បន្តទៀត​។​

​ក្រុមមន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​គណៈកម្មាធិការ​ជាតិ ប្រឆាំង​ភេរវកម្ម គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ក្រុមយុវជន កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដល់​អ្នកជំងឺ​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។​ការ​រួមគ្នា​បរិច្ចាគ​ឈាម គឺធ្វើឡើង​ស្របពេល​ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ របស់ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នា​កន្លងមក​។​

​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានបញ្ជាក់​ប្រាប់ថា ដោយសារ​តម្រូវការ​ឈាមមាន​ខ្ពស់​ហើយ​កម្ពុជា កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់ ដើម្បី​បំពេញបន្ថែម នូវ​ការផ្គត់ផ្គង់ ដល់​តម្រូវការ​ឈាម​របស់​ជនរងគ្រោះ និង​អ្នកជំងឺ ដែលមាន​ការកើនឡើង ជារ​រៀងរាល់ឆ្នាំ ហេតុនេះ​ការចូលរួម​បរិច្ចាក​ជា​រឿង​ចាំបាច់​មិនអាច​មើលរំលង​បានទេ​។ ការផ្តល់​ឈាម​ជា​ទង្វើ​មនុស្សធម៌ សុំឱ្យ​ទាំងអស់គ្នា ចូលរួម​ឱ្យបាន​ច្រើន ព្រោះ​ឈាម​របស់​យើង នឹង​ជួយ​ដល់​ជីវិត​អ្នកជំងឺ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ៕​ដោយ​៖​កូ​ឡាប​