កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះស្ទាក់ចាប់បានរថយន្តដឹកឈើបរណិតមួយគ្រឿង ដែលមានផ្ទុកឈើធ្នុងចំនួន៣៣ដុំ បម្រុងលោតឆ័ត្រតាមផ្លូវជាតិលេខ៥ ។
ប្រតិបត្តិការចាប់រថយន្តដឹកឈើក្រញូងនេះធ្វើឡើង កាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ម្ចាស់ឈើមិនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានឡើយ ដោយគេអះអាងថាជនសង្ស័យដឹកឈើល្មើសច្បាប់នេះ បានរត់គេចខ្លួនបាត់ក្នុងពេលបង្ក្រាបនោះ ។ ចំពោះរថយន្តដឹកឈើម៉ាកតូយូតាកាមរីសេរី៩៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2C 4793 និង ឈើធ្នុងចំនួន៣៣ដុំ ស្មើនឹង០,៥២១ម៉ែត្រគូប ត្រូវបានប្រគល់ទៅអោយមន្ត្រីរដ្ឋបាលព្រៃរក្សាទុកនិងចាត់ការទៅតាមនិតិវិធី ។
អ្នកដឹងរឿងបានអោយដឹងថា នៅក្នុងរយៈពេលចុងក្រោយនេះ ការដឹកជញ្ជូនឈើប្រណិតតាមផ្លូវជាតិលេខ៥ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង កំពុងមានសកម្មភាពយ៉ាងគគ្រឹកគគ្រេង ជាពិសេសនៅពេលយប់។ យូរៗគេឃើញកម្លាំងសមត្ថកិច្ចចាប់បានម្តងដោយសារតែម្ចាស់ឈើទាំងនោះមិនបានបង់លុយអោយ។
ករណីនេះបើពិតដូចគេនិយាយមែន គួរតែថ្នាក់លើមានវិធានការហើយ កុំទុកអោយមហាជនរិៈគន់តទៅទៀត៕ ដោយ៖ចៅ សន