Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែនៅក្រុងសៀមរាប

សៀមរាប ៖ បន្ទាប់ពីបានដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យ គុណភាពនៃការសាងសង់ជាក់ស្តែងរួចមក នៅថ្ងៃ អង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារអន្តរក្រសួង អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគី ពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីជំរុញឱ្យ អង្គភាពសាងសង់ ក៏ដូចជាក្រុមការងារត្រួតពិនិត្យបច្ចេកទេស ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាម បទដ្ឋានបច្ចេកទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានគុណភាពផ្លូវរឹងមាំ អាចប្រើ ប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិលើការសាងសង់ឡើងវិញ និងខាតបង់ពេលវេលា ផងដែរ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុមដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ក) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥,៨៧៦គីឡូម៉ែត្រ ខ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប៩,៣៨៩ គីឡូម៉ែត្រ គ) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១០,៨៨០ គីឡូម៉ែត្រ ឃ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥២,៥៩៦ គីឡូម៉ែត្រ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអង្គភាព ស្ថាបនាទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវ៣៨ខ្សែនេះ តាមផែនការដែលបានគ្រោងទុក ទោះបីជាជួបប្រឈមដោយសារវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។

ទាក់ទងនឹងបញ្ហាបច្ចេកទេសនៃការសាងសង់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យអង្គភាពសាងសង់ និងក្រុមការងារត្រួតពិនិត្យបច្ចេកទេស កែសម្រួលចិញ្ចើមផ្លូវ បង្កើនសោភ័ណភាព កែសម្រួលការបង្ហាប់ដី ពិនិត្យឡើងវិញច្រាំងស្ទឹងសៀមរាបប៉ែកខាងលិច និងបានបន្ថែមថា៖ ត្រូវធ្វើផ្លូវឱ្យស្របតាមស្តង់ដារ បច្ចេកទេសដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ និងរៀបចំ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានត្រឹមត្រូវ កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍លើការដ្ឋាន ជាពិសេសជួយស្រោចទឹកឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយ ផលប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យអង្គភាពសាងសង់ យកស្មារតីខ្ពស់ធ្វើការងារឱ្យមាន គុណភាពល្អ មានសោភ័ណភាពល្អ មានឆន្ទៈម៉ឺងម៉ាត់ ធ្វើឱ្យបានល្អ ធ្វើកុំឱ្យបរទេសមើលងាយ ធ្វើឱ្យ ប្រជាពលរដ្ឋសប្បាយចិត្ត ផ្តល់សេចក្តីទុកចិត្ត និងការគាំទ្រដល់រាជរដ្ឋាភិបាល ប្រែក្លាយតំបន់នេះឱ្យក្លាយ ជាទីក្រុងទេសចរណ៍ទំនើប ដើម្បីមុខមាត់ប្រទេសជាតិយើង និងបានទទួចសុំឱ្យអង្គភាពសាងសង់ធ្វើម្ដង ធ្វើឱ្យចប់ កុំបាច់ឱ្យគេត្រួតពិនិត្យនិងកែសម្រួលឡើងវិញដោយត្រូវចំណាយលុយអស់ច្រើនជាងលើកទី១ កុំចង់ចំណេញបន្តិចបន្តួច ពីព្រោះនៅពេលគេធ្វើសវនកម្មរកឃើញកំហុសបច្ចេកទេស តម្រូវឱ្យធ្វើឡើងវិញ ខាតទាំងចុងខាងទាំងដើម និងបានសំណូមពរឱ្យអង្គភាពសាងសង់លើកឡើងនូវបញ្ហាដែលខ្លួនមានដើម្បីរួមគ្នាដោះស្រាយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារត្រួតពិនិត្យបច្ចេកទេស ត្រូវពង្រឹង ការអនុវត្តរបស់ខ្លួនដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តតាមស្តង់ដារបច្ចេកទេស ត្រួតពិនិត្យបច្ចេកទេសឱ្យ បានត្រឹមត្រូវ និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ រួបរួមគ្នាខិតខំប្រឹងប្រែង បំពេញការងារឱ្យបានល្អប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ មានឆន្ទៈខ្មាស់ខ្លួនឯងនៅពេលធ្វើការមិនបាន ជោគជ័យ មិនចាំបាច់ឱ្យគេដាស់តឿនថាយើងធ្វើមិនកើតនោះទេ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរអំពីព្រឹត្តិការណ៍ធំៗចំនួនពីរ ដែលនឹងប្រព្រឹត្តទៅទីក្រុងសៀមរាប ទឹកដីអង្គរ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដោយព្រឹត្តិការ ទាំងពីរនោះរួមមាន៖ការត្រៀមបើកឱ្យមានទេសចរណ៍ចូលមកទស្សនាប្រាសាទអង្គរវត្ត សៀមរាប ឡើង វិញ និងការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានជាមួយចិន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានជាមួយជប៉ុន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានជាមួយកូរ៉េ ដែល កម្ពុជាគឺម្ចាស់ផ្ទះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×