Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ាន សូរ​ស័ក្តិ ៖ មន្ត្រី​ត្រូវ​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយ ដើម្បី​លើកស្ទួយ​ភាព​ប្រកួតប្រជែង និង​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​មក​កម្ពុជា​

(​ក្រុង​សំរោង​) ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយ​លើកកម្ពស់​កិត្តិនាម និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​ទាក់ទាញ​វិនិយោគិន សំដៅ​នាំមក​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ជូន​ប្រជាជន និង​ប្រទេសជាតិ​។​

​សំណើ​របស់ លោក រដ្ឋមន្ត្រី បាន​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​តែងតាំង ចូលកាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី​ខេត្ត​ឧត្តរមានជ័យ ដែល​រៀបចំឡើង​នា​រសៀល​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​ឧត្តរមានជ័​យ ដែល​មាន​ការចូលរួម​ពី​ក្រុមប្រឹក្សា​ខេត្ត អាជ្ញាធរ​ដែនដី និង​មន្ត្រីរាជការ​ចំនួន ២៤០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី បាន​ស្នើ​ដល់​មន្ត្រី និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ រួមគ្នា​ផ្សព្វផ្សាយ​អំពី​តម្រូវការ​ទីផ្សារ​ក្រៅ​ប្រទេស​ដល់​ផលិត​ករ និង​ប្រជាកសិករ ព្រមទាំង​ជួយ​បំផុស​ជំរុញ​ចលនា «​ខេត្ដ​មួយ ផលិតផល​មួយ​» ឲ្យបាន​ទូលំទូលាយ ដើម្បី​កៀងគរ​វិនិយោគិន ឲ្យចូល​មក​ធ្វើ​ជំនួញ និង​វិនិយោគ​នៅក្នុង​មូលដ្ឋាន សំដៅ​បង្កើត​ការងារ កាត់បន្ថយ​ចំណាកស្រុក និង​បង្កើន​ប្រាក់ចំណូល​ជូន​ខេត្ត និង​ប្រជាជន​។​

«​កត្តា​សំខាន់​មួយ ក្នុងចំណោម​កត្តា​សំខាន់​ដទៃ​ទៀត​គឺ យើង​ត្រូវ​ចេះ​ជួយ​រក​ទីផ្សារ ថែរក្សា​ទីផ្សារ និង​ឆ្លើយតប​នឹង​អ្វី​ដែល​ជា​តម្រូវការ​ទីផ្សារ​ពិតប្រាកដ​» «​ចេះ​បង្ក​ភាពងាយស្រួល ផ្តល់​បរិយាកាស​ល្អ និង​សុវត្ថិភាព​ដល់​ពាណិជ្ជករ អាជីវករ និង​វិនិយោគិន ហើយ​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគាត់ មាន​ការជឿ​ទុកចិត្ដ​មក​លើ​យើង​ដែល​ជា​សមត្ថកិច្ច​»​។​

​លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​បន្តទៀតថា ដោយសារ​ខេត្ត​ឧត្តរមានជ័យ​មានស​ក្តា​នុព​លខាង​ផ្នែក​កសិកម្ម ការធ្វើ​ប្រតិភូកម្ម​នៃ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ចាក់​ប្រភព​ដើម​ទំនិញ​ទម្រង់ (D) សម្រាប់​នាំចេញ​កសិផល​ចេញ​ក្រៅប្រទេស គឺជា​កិច្ចការ​សំខាន់​មួយ ដើម្បី​ជួយ​សម្រួល​ដល់​ការផ្តល់សេវា​សាធារណៈ ហើយ​មន្ត្រី​ត្រូវ​ចេះ​សហការ​ផ្តល់​ព័ត៌មាន​ឲ្យបាន​គ្រប់គ្រាន់​ជូន​ភាគី​ពាក់ព័ន្ធ​។​

«​យើង​ត្រូវ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ ចេះ​ធ្វើ​ការបង្កបង្កើន​ផល និង​ដាំ​ដំណាំ បន្លែ ផែ្ល​ឈើផ្សេងៗ សម្រាប់​ផ្គត់ផ្គង់​ភ្ញៀវទេសចរ​នៅ​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នានា​នៅក្នុង​ខេត្ត ក៏ដូចជា​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ឲ្យបាន​អតិបរិមា​» លោក រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែម​។​

​គួរ​រំលឹក​ដែរ​ថា ក្នុងទិសដៅ​សម្រួល​ការអភិវឌ្ឍ​វិស័យ​ឯកជន ដែល​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ក្រសួង​ពាណិជ្ជកម្ម កន្លងមក​បាន​ដាក់ចេញ​នូវ​កម្មវិធី​កំណែទម្រង់ និង​គោលនយោបាយ​សំខាន់ៗ​ជាច្រើន ដើម្បី​លើកកម្ពស់​បរិ​យាស​កាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​។ ហើយ​ការតែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្ងៃនេះ គឺជា​ការរៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី ដើម្បី​ផ្តល់​សេវា​សាធារណៈ​ជូន​វិស័យ​ឯកជន ជាពិសេស​ផលិតករ អាជីវករ និង​ប្រជាកសិករ ក្នុង​ខេត្ត​ឧត្តរមានជ័យ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

×