ភ្នំពេញ ៖ ក្នុងវិបត្តិនៃការរាតត្បាតជាសកលជំងឺកូវីដ១៩នេះ ប្រទេសកម្ពុជា បាននាំចេញជ័រកៅស៊ូចំនួន ១៣២.១៧៤តោន នៅរយៈពេល៦ខែ ឆ្នាំ ២០២១នេះ កើនឡើង ៧,១៨ភាគរយ ទៅកាន់ទីផ្សារក្រៅប្រទេស បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់ត្រាពីចំណូលនាំចេញជ័រកៅស៊ូចន្លោះពីខែមករា ដលខែមិថុនា មានតម្លៃសរុបប្រមាណ ២២១,៦៧លានដុលា្លរ ជាមួយតម្លៃកៅស៊ូជាមធ្យមថ្លៃ ១.៦៧៧ដុល្លារ/តោន បានកើនឡើងចំនួន ៣៧៤ដុល្លារ/តោន ស្មើនឹង២៨,៧២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
អ្នកវិនិយោគលើដំណាំកៅស៊ូនៅកម្ពុជា បានលើកឡើងថា ទីផ្សារជ័រកៅស៊ូ កម្ពុជាកំពុងទទួលបានឱកាសវិនិយោគ នៃរោងចក្រផលិតសំបកកង់រថយន្ត ដែលនឹងត្រូវការជ័រកៅស៊ូច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារនៃការនាំចេញកៅស៊ូបានធ្លាក់ចុះ ហើយទើបតែឆ្នាំមុន និងឆ្នាំនេះ ទីផ្សារ កៅស៊ូ បានចាប់ផ្តើម កើនឡើងវិញបន្តិច។ តម្លៃជ័រកៅស៊ូបានធ្លាក់ចុះបន្តិច ពោលគឺគឺជាមធ្យមក្នុងខែមិថុនា មានតម្លៃ ១.៦៨៥ដុល្លារ/តោន បានថយចុះចំនួន ១៥ដុល្លារ/តោន ស្មើនឹង ០.៨៦% បើធៀបនឹងខែមុន និងបានកើនឡើងចំនួន ៤១៩ដុល្លារ/តោន ស្មើនឹង៣៣,០៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូ សរុបមានចំនួន ៤០៤.១៦០ហិកតា ដែលក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ២៩២.៥០០ហិកតា ស្មើនឹង ៧២% និងផ្ទៃដីថែទាំមានចំនួន ១១១.៦៦០ហិកតា ស្មើនឹង ២៨%។ ប្រទេសកម្ពុជា ភាគច្រើន នាំចេញជ័រកៅស៊ូទៅកាន់ប្រទេសវៀតណាម និងមានមួយចំនួននាំទៅចិន និងអឺរ៉ុប ជាដើម៕ រក្សាសិទ្ធិដោយ៖CEN