ព្រៃវែង ៖ តំបន់បឹងស្នេហ៍ ដែលមានការចងក្រងជាសហគមន៍ទួលព័ន្ធតាឡី មានសក្ដានុពលសម្រស់ធម្មជាតិ លំហទឹកវាលល្វឹងល្វើយ ព្រៃព្រិច របោះ ដុះច្រោះអន្លើ អន្លក់អន្លៃង ព្រៃតិណជាតិ និងសម្បូរសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វស្លាបកម្រ ដែលបានកំពុងបន្តពូជ ពង កូន រាប់ម៉ឺនក្បាលនៅតាមព្រៃលិចទឹក នឹងទទួលបានការអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនាពេលឆាប់ៗនេះ។

ការរំលេចឡើងនូវគម្រោងអភិវឌ្ឍន៍នេះ គឺផ្ដើមចេញពីដំណេីរទស្សនកិច្ចរបស់លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចុះទៅកាន់សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដើម្បីស្វែងយល់អំពីសក្តានុពលទេសចរណ៍នៅទីនោះ និងពិនិត្យលទ្ធភាពក្នុងការជួយអភិវឌ្ឍសហគមន៍នេះ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍។
ដំណើរចុះពិនិត្យតំបន់បឹងស្នេហ៍នេះ មានការចូលរួមពី លោក តុប សុភ័ក រដ្ឋលេខាធិការ និងលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោក សំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែង ប្រធានមន្ទីរទេសចរណ៍ មន្ទីរពាក់ព័ន្ធក្នុងខេត្ត អភិបាលស្រុកបាភ្នំ មេឃុំធាយ ប្រធានសហគមន៍ និងភាគីពាក់ព័ន្ធនានា។

ក្រឡេកឃើញទេសភាពធម្មជាតិដ៏ស្រស់ត្រកាលបែបនេះ លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះគម្រោងដ៏មានឥទ្ធិពលលឿន (Quick Impact Project) ដែលបានស្នើឡើងដោយក្រសួងទេសចរណ៍ក្នុងការរួមចំណែកអភិវឌ្ឍតំបន់សហគមន៍នេះ ពិសេសផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការកសាងចំណតទូកសម្រាប់ដឹកភ្ញៀវទេសចរ មជ្ឈមណ្ឌលពត៌មានទេសចរណ៍សហគមន៍ និងការដំឡើងប៉ាណូបង្ហាញទីតាំងសហគមន៍ជាដើម។
តំបន់បឹងស្នេហ៍សហគមន៍ទួលព័ន្ធតាឡីនេះ ត្រូវបានគេប្រមើលមើលឃើញថា ជារៀងរាល់ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាច្រើន បានទៅកម្សាន្ត និងទស្សនាសម្រស់ធម្មជាតិ សត្វស្លាបនៅទីនោះ។ ទីតាំងនេះ ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ប្រជាសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី រួមជាមួយអាជ្ញាធរខេត្តព្រៃវែង បាននិងកំពុងអភិរក្ស អភិវឌ្ឍធម្មជាតិ ជាពិសេសសត្វស្លាបជាច្រើនប្រភេទ ដែលសុទ្ធសឹងជាសត្វស្លាបកម្រៗ កំពុងបន្តពូជ ពង កូន រាប់ម៉ឺនក្បាលនៅតាមព្រៃលិចទឹក និងព្រៃរបោះ ច្រោះលើផ្ទៃបឹង៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN















