ភ្នំពេញ ៖ ការប្រើប្រាស់បច្ចេកវិទ្យានិងឥន្ធនៈស្អាត រួមមានឧស្ម័នរាវរបស់ប្រេងកាត (LPG) ចង្ក្រានអគ្គិសនី និង ចង្ក្រានជីវម៉ាស់នៅក្នុងប្រទេសកម្ពុជា គឺមានបរិមាណច្រើនក្រែល ហើយបានកើនឡើងជាលំដាប់។
របាយការណ៍ថ្មីមួយរបស់ធនាគារពិភពដែលបានផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បាន បង្ហាញថា ក្នុងនោះ ៧៧%នៃគ្រួសារក្នុងទីប្រជុំជន និង២៥%នៃគ្រួសារក្នុងទីជនបទ ប្រើឥន្ធនៈស្អាតជាប្រភពថាមពលចម្បងក្នុងការចម្អិនអាហារ។ នៅកម្រិតជាតិ គ្រួសារកម្ពុជាចំនួន៣៣%ប្រើចង្ក្រានឥន្ធនៈស្អាតសម្រាប់ចម្អិនអាហារ។ ភាគច្រើននៃអ្នកប្រើប្រាស់ចង្ក្រានឥន្ធនៈស្អាត ប្រើឧស្ម័ន LPG (៣០,៩%) បន្ទាប់មកគឺអ្នកប្រើចង្ក្រានអគ្គិសនី (១,៨%) និងចុងក្រោយគេគឺអ្នកប្រើចង្ក្រានជីវម៉ាស់ (០,២%)។ ក្នុងឆ្នាំ២០០៧ ក្នុងចំណោមគ្រួសារកម្ពុជា មានតែគ្រួសារ៩%ទេប្រើចង្ក្រានឥន្ធនៈស្អាត ប៉ុន្តែចំនួននេះកើនដល់ទៅ២៥%ក្នុងឆ្នាំ២០១៤ និង៣៣%ក្នុងឆ្នាំ២០១៧។ ជាពិសេស ផ្អែកតាមទិន្នន័យរបស់ការអង្កេត MTF ក្នុងឆ្នាំ២០១៧ ក្នុងចំណោមទីប្រជុំជនដែលមានសេដ្ឋកិច្ចធូរធារ ចង្ក្រានឥន្ធនៈស្អាតនេះត្រូវបានប្រើដោយគ្រួសារទីប្រជុំជនមានរហូតដល់ទៅ៧៧% ឯណោះសម្រាប់ការចម្អិនអាហារ។
អត្រានៃភាពសាយភាយក្នុងការប្រើប្រាស់ចង្ក្រានកង្រី (ចង្ក្រានប្រសិទ្ធភាព) នៅប្រទេសកម្ពុជាមានទំហំធំគួរសមដែរ។ គ្រួសារកម្ពុជាចំនួន៣៥%ប្រើចង្ក្រានកង្រីជាចង្ក្រានចម្បងសម្រាប់ចម្អិនអាហារ ហើយ៧៤%ក្នុងចំណោមពួកគេប្រើតែចង្ក្រានកង្រីសុទ្ធតែម្តង។ ចង្ក្រានកង្រីដែលបង្កើនប្រសិទ្ធផលនិងកាត់បន្ថយបំភាយជាតិពុលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជួយដល់គ្រួសារកម្ពុជាក្នុងការកែលម្អគុណភាពខ្យល់ក្នុងផ្ទះ និងកាត់បន្ថយការចំណាយពេលវេលារបស់ពួកគេក្នុងការដើររកអុសនិងថវិកាក្នុងការទិញអុសយកមកដុតផងដែរ។
របាយការណ៍ដដែលក៏បានលើកឡើងពីបញ្ហាប្រឈមដូចជា ត្រង់ចំណុចនេះ គ្រួសារកម្ពុជាភាគច្រើនទំនង ជាស្ថិតនៅក្នុងលំដាប់ទី១ នៅឡើយទេ។ ប៉ុន្តែដោយសារថា មានមួយភាគបីនៃគ្រួសារទាំងអស់ក្នុងប្រទេសកម្ពុជាប្រើប្រាស់ចង្ក្រានឥន្ធនៈស្អាត គេរំពឹងថានឹងមានគ្រួសារច្រើនទៀតកំពុងស្ថិតនៅលំដាប់ខ្ពស់ៗបន្តិចជាងនេះ។ ក្នុងចំណោមអ្នកដែលប្រើចង្ក្រានឥន្ធនៈស្អាតជាចង្ក្រានចម្បងសម្រាប់ចម្អិនអាហារ មានជាង៦៦%ប្រើចង្ក្រានឥន្ធនៈស្អាតផងនិងចង្ក្រានជីវម៉ាស់ផងរួមគ្នា។ ផ្អែកលើការវិភាគទិន្នន័យការប្រើចង្ក្រានឥន្ធនៈស្អាតក្នុងការអង្កេត MTF ភាគច្រើននៃគ្រួសារក្នុងលំដាប់ទី៤និងទី៥ ប្រើតែចង្ក្រានឥន្ធនៈស្អាតសុទ្ធ ឬមួយបើទោះជាគេប្រើវាក្នុងពេលដែលមានចង្ក្រានជីវម៉ាស់ដែរនោះ ពួកគេក៏នៅតែប្រើចង្ក្រានឥន្ធនៈស្អាតញឹកញាប់ជាងចង្ក្រានជីវម៉ាស់ដែរ។
ដោយសារមូលហេតុទាំងនេះ គ្រួសារទាំងនេះប្រហែលជាមិនមានលទ្ធភាពទទួលបានគុណតម្លៃផ្នែកសុខភាពល្អនិងអត្ថប្រយោជន៍ផ្សេងទៀត ដែលឥន្ធនៈនិងបច្ចេកវិទ្យាស្អាតអាចផ្តល់ជូនពួកគេឡើយ។
គ្រួសារកម្ពុជាជាង៣០%ប្រើចង្ក្រានថ្មបីដុំ ឬចង្ក្រានប្រពៃណី ជាចង្ក្រានចម្បងក្នុងការចម្អិនអាហារ។ ក្នុងនេះ ២៤,៦%ភាគរយនៃគ្រួសារប្រើចង្ក្រានប្រភេទណាមួយជាចង្ក្រានចម្បង។ ទោះជាយ៉ាងណាក៏ដោយ គេចាំបាច់ត្រូវធ្វើការស៊ើបអង្កេតថែមទៀត ដើម្បីកំណត់ឱ្យបានថាហេតុអ្វីបានជាគ្រួសារទាំងនេះនៅតែប្រើចង្ក្រានថ្មបីដុំ ឬចង្ក្រានប្រពៃណី ហើយមិនព្រមងាកទៅប្រើចង្ក្រានកង្រី ឬចង្ក្រានប្រើឥន្ធនៈស្អាតវិញ។ ដោយសារថាចង្ក្រានប្រពៃណីមានប្រសិទ្ធផលទាប ហើយកម្រិតបំភាយជាតិពុលក៏ខ្ពស់ជាងចង្ក្រានកង្រីដែរ គ្រួសារដែលប្រើចង្ក្រានប្រពៃណីទាំងនេះចាំបាច់ត្រូវចំណាយពេលនិងប្រាក់កាសច្រើនទៅលើការរកឬទិញអុសមកដុត និងទៅលើការរៀបចំចម្អិនអាហារផងដែរ។ អ្នកប្រើចង្ក្រានប្រពៃណីចាំបាច់ត្រូវបែងចែក៥,៥%នៃថវិកាគ្រួសារ និង២០ម៉ោងក្នុងមួយសប្តាហ៍ ប្រៀបធៀបទៅនឹង៣,៩%នៃថវិកានិង១៥ម៉ោងក្នុងមួយសប្តាហ៍របស់អ្នកប្រើចង្ក្រានកង្រី សម្រាប់តម្រូវការលើការទិញនិងការរៀបចំចម្អិនអាហារ។
ដោយយល់ឃើញអំពីអត្ថប្រយោជន៍ដល់សុខភាពដែលឥន្ធនៈស្អាតអាចមានសម្រាប់អ្នកប្រើប្រាស់ ជាអនុសាសន៍ គួរធ្វើការសិក្សាមើលថា តើមានលទ្ធភាពបែបណាខ្លះសម្រាប់ពង្រីកការប្រើប្រាស់ចង្ក្រានឥន្ធនៈស្អាត ពិសេសចង្ក្រានប្រើឧស្ម័នរាវ LPG។ ភាពអាចជាវបាន ជាពិសេស អាចជាបញ្ហាធំរារាំងក្រុមគ្រួសារមិនឱ្យងាកទៅប្រើចង្ក្រានឥន្ធនៈស្អាតបានដែរ។ ជិត១០%នៃអ្នកប្រើចង្ក្រានឥន្ធនៈស្អាត ចាំបាច់ត្រូវចំណាយជាង៥%នៃថវិកាគ្រួសារ ទៅលើការទិញឥន្ធនៈស្អាត សំខាន់គឺ ឧស្ម័នរាវ LPG ដើម្បីបំពេញសេចក្តីត្រូវការក្នុងការចម្អិនអាហាររបស់គេ។ គ្រួសារក្រីក្រមិនអាចមានលទ្ធភាពចំណាយសម្រាប់ទិញឥន្ធនៈស្អាតយកមកប្រើបានទេ។ ដើម្បីពង្រីកការប្រើប្រាស់ចង្ក្រានឥន្ធនៈស្អាតនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ជនបទដែលគ្រួសារមានសេដ្ឋកិច្ចមិនសូវធូរធារដូចអ្នកនៅតាមទីប្រជុំជន លទ្ធភាពអាចជាវបានគឺជាចំណុចគន្លឹះមួយឆ្ពោះទៅបង្កើនការសាយភាយនៃការប្រើប្រាស់ចង្ក្រានឥន្ធនៈស្អាត។
ការពង្រីកការប្រើប្រាស់ចង្ក្រានកង្រី អាចជាដំណោះស្រាយមួយធ្វើទៅរួចនិងមានប្រសិទ្ធភាព ជាពិសេស សម្រាប់គ្រួសារទាំងឡាយដែលកំពុងតែប្រើចង្ក្រានថ្មបីដុំ ឬចង្ក្រានប្រពៃណី។ អ្នកប្រើចង្ក្រានថ្មបីដុំ ឬចង្ក្រានប្រពៃណី ក្នុងចំនួនមួយច្រើនលើសលប់ កំពុងរស់នៅតាមតំបន់ជនបទ ហើយមិនសូវជាធូរធារដូចអ្នករស់នៅតាមទីប្រជុំជន ឬអ្នកប្រើចង្ក្រានឥន្ធនៈស្អាតទេ។ ស្ថានភាពសេដ្ឋកិច្ចរវាងអ្នកប្រើចង្ក្រានថ្មបីដុំ ឬចង្ក្រានប្រពៃណី និងអ្នកប្រើចង្ក្រានកង្រី ក៏មិនសូវជាមានភាពខុសគ្នាប៉ុន្មានដែរ ប៉ុន្តែមានតែអ្នកប្រើចង្ក្រានឥន្ធនៈស្អាតទេដែលមានសេដ្ឋកិច្ចធូរធារច្រើនជាងអ្នកទាំងពីរក្រុមទៀត។ អាស្រ័យហេតុនេះ វាអាចជាបញ្ហាប្រឈមបន្តិចដែរសម្រាប់ឱ្យអ្នកប្រើចង្ក្រានថ្មបីដុំ ងាកមកប្រើចង្ក្រានឥន្ធនៈស្អាតភ្លាមៗ បើមិនកែលម្អតម្លៃរបស់ឱ្យមានភាពងាយរកជាវបាន ជាមុនសិន។ ជាមួយនឹងការបង្កលទ្ធភាពឱ្យគ្រួសារនៅលំដាប់ទាបអាចមានចង្ក្រានឥន្ធនៈស្អាតប្រើប្រាស់ ចង្ក្រានជីវម៉ាស់ដែលបានកែលម្អឱ្យប្រសើរជាងមុននឹងធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវគុណតម្លៃនានា នៃការប្រើថាមពលចម្អិនអាហារក្នុងក្របខណ្ឌ MTF ក្នុងនោះមានគុណតម្លៃអត្ថប្រយោជន៍ដល់សុខភាព (គុណភាពខ្យល់ក្នុងផ្ទះ) ប្រសិទ្ធផល ភាពងាយស្រួល និងភាពអាចជាវបាន ផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ