Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​លី​អូ លួច​បន្លំ​ស្រា​បៀរ​លី​អូ​ជាង​១០០​កេះ ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ

​សៀមរាប ៖ ជនសង្ស័យ​ម្នាក់ ជា​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​លី​អូ បាន​លួច​បន្លំ​យក​ស្រា​បៀ​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ (Leo beer) ចំនួន ១០៩​កេះ ទៅ​លក់​យកលុយ និង​ដើរ​ផឹកស៊ី​អស់ ត្រូវបាន​នគរបាល​ក្រុង​សៀមរាប​ធ្វើការ​ឃាត់ខ្លួន​។ យោងតាម​ចម្លើយសារភាព ជនសង្ស័យ​ត្រូវ បាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដោយ​ចោទប្រកាន់​ពី​ករណី​រំលោភ​លើ​ទំនុកចិត្ត​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៣:៣០​នាទី ជនសង្ស័យ ឈ្មោះ លឹម ក​ញ្ច​រិ​ទ្ធ ជា​បុគ្គលិក ក្រុមហ៊ុនស្រា​បៀរ​លី​អូរ​(Leo beer) បាន​យក​វិក្កយបត្រ​ចំនួន​២​សន្លឹក ទៅ​បើក​ស្រា​បៀរ​ពី​អ្នក​កាន់​ឃ្លាំង របស់​ក្រុមហ៊ុន ក្នុងទិសដៅ​យកទៅ​ឲ្យ​អតិថិជន និង ម៉ូយ​ដែលជា​អ្នកលក់​តាម​ដេប៉ូ ព្រោះ​ក្រុមហ៊ុន​មានកម្ម​វិធី​ពិសេស ទិញ​១​កេះ ថែម​ជូន​១​កំប៉ុង និង​ហ្វ្រី ជូន​អ្នកលក់​តាម​ដេប៉ូ ដែល​តំណាង​ស្រា​បៀរ​លី​អូ​មួយ​ដេប៉ូ​ចំនួន​១​កេស​ផងដែរ​។ ស្រា​បៀរ ដែល​បើក​ចេញ​តាម​វិក្កយបត្រ​នោះ មាន​ស្រា​បៀរ លី​អូ​សរុប​១០៩​កេះ និង​១៦​កំប៉ុង​។ ជនសង្ស័យ​ពុំបាន​យកទៅ​ឲ្យ​អតិថិជន​ទេ គឺ រូបគេ​បាន​យកទៅលក់​ឲ្យ​ម្ចាស់​តូប​ចំនួន​២​កន្លែង​។​

កន្លែង​ទី​១ នៅ​ស្វាយ​ធំ​ចំនួន​៣៩​កេះ កន្លែង​ទី​២ នៅក្រោយ​ស្តា​ត​ថ្មី ចំនួន​៦០​កេះ សរុប​លក់​ចំនួន​៩៩​កេះ ចំណែក ស្រា​បៀរ​នៅសល់​១០​កេះ និង​១៦​កំប៉ុង​ទៀត ជនសង្ស័យ​បាន​យកទៅ​ផឹក​ជាមួយ​មិត្តភក្តិ​អស់​គ្មាន​សល់ ។​

​លុះដល់​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩:៣០​នាទី ខាង​ក្រុមហ៊ុន បាន​ពិនិត្យ​ឆែក​ទៅ​អតិថិជន​របស់ខ្លួន ក៏បាន​ដឹងថា​បាត់ ស្រា​បៀរ​អស់​ជាច្រើន ហើយក៏​បានដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ​។​

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ និង​ដោយមាន​ការចង្អុលបង្ហាញ ពី​លោក​វរសេនីយ៍ឯក​ទេព ចាន់ណា អធិការ នគរបាល​ក្រុង​សៀមរាប ក៏ដូចជា លោក​អធិការរង​ទទួលបន្ទុក​ផ្នែក​នគរបាល​យុត្តិធម៌​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ណ៍ ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ ដោយមាន​ការចូលរួម​ពី ជនរងគ្រោះ​ផង​នោះ យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ជនសង្ស័យ​ឈ្មោះ លឹម ក​ញ្ច​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត នៅ​បឹងកក់​២ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង ក្រុមហ៊ុន ស្រា​បៀរ​លី​អូ និង​សឹង្ហ សាខា​ក្រុង​សៀមរាប ខេត្តសៀមរាប មក​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ ករណី “​រំលោភ​លើ​ទំនុកចិត្ត​” ។​

​ស្ថិតក្នុង​ដំណាក់​កងកម្លាំង​សមត្ថកិច្ច​នគរបាល ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការប្តឹង ចោទ ប្រកាន់​របស់​ជនរងគ្រោះ​ពិតមែន ។​

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ និង​ចម្លើយសារភាព ជនសង្ស័យ​ត្រូវ បាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​ចោទប្រកាន់​ពី​ករណី​រំលោភ​លើ​ទំនុកចិត្ត​៕​ ​ដោយ​៖​ជាលី​

 

×