ភ្នំពេញ ៖ អ្នកជំនាញ បានលើកឡើងថា បើម្រេចកម្ពុជា អាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន នឹងជួយឲ្យកម្ពុជា មានការវិនិយោគកែច្នៃសំអាតម្រេច ក្នុងការនាំចេញបានកាន់តែច្រើន។ អ្នកជំនាញបានអះអាងថា កម្ពុជា មាន សមត្ថភាពផលិតម្រេច បានប្រមាណ ៣ម៉ឺនតោន ក្នុងមួយឆ្នាំ។ ហើយបើមានកិច្ចព្រមព្រៀងនាំចេញម្រេច ដោយផ្ទាល់ ទៅកាន់ប្រទេសចិនទៀតនោះ ទីផ្សារចិន នឹងជួយកម្ពុជា ក្នុងការពង្រឹងទីផ្សារថ្មី ព្រមទាំងតម្លៃកាន់តែល្អប្រសើរជាងមុន។

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាបាននាំចេញម្រេច ចំនួន១៤ ៥៦១.៦២តោន ទៅកាន់ប្រទេសចំនួន១៧ ដែលមានកំណើនកើនឡើងចំនួនជិត ៤០០%។
ប្រទេសចំនួន១៧ នោះ រួមមាន៖ ប៊ែលហ្សិក ចំនួន ១០,៦៣ តោន, កាណាដា ចំនួន ០,៥២ តោន, សាធារណរដ្ឋឆេក ចំនួន ៦,១០ តោន, បារាំង ចំនួន ១៩,០១ តោន, អាល្លឺម៉ង់ ចំនួន ១៦០,៥៧ តោន, ឥណ្ឌា ចំនួន ៤២ តោន, ជប៉ុន ចំនួន ២,៥៨ តោន, កូរ៉េ ចំនួន ១,៥៥ តោន, ប៉ូឡូញ ចំនួន ៧,០៩ តោន, រុស្សី ចំនួន ០,៣១ តោន, ស៊ុយអ៊ែត ចំនួន ១,២៩ តោន, ស្វីស ចំនួន ០,៤៨ តោន, កោះតៃវ៉ាន់ ចំនួន ១៥ តោន, អង់គ្លេស ចំនួន ១,២៤ តោន, អារ៉ាប់រួម ចំនួន ០,០១ តោន, សហរដ្ឋអាមេរិក ចំនួន ១,៧៥ តោន និងវៀតណាម ចំនួន ១៤ ២៩១,៤៩ តោន។

តម្លៃម្រេចក្នុងឆ្នាំ២០២១នេះ មានការកើនឡើងប្រមាណ១ដុល្លារ ក្នុងមួយគីឡូក្រាម បើធៀបនឹងឆ្នាំ២០២០ កន្លងទៅ។ នៅឆ្នាំ២០២០ តម្លៃម្រេចចំនួនពី២ដុល្លារ ទៅ ២.៥ដុល្លារ មកដល់ឆ្នាំ២០២១នេះ តម្លៃ៣.៥ដុល្លារ ទៅ៣.៨ដុល្លារក្នុង១គីឡូក្រាម។
ការនាំចេញម្រេច របស់កម្ពុជា ភាគច្រើននាំចេញ ទៅប្រទេសវៀតណាម ខណៈនាំចេញទៅកាន់ទីផ្សារ ផ្សេង ៗទៀតដោយផ្ទាល់ មានចំនួនតិចតួចនៅឡើយ។ នេះបើយោងតាមសហព័ន្ធម្រេច និងគ្រឿងទេសនៅក្នុង ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ម្រេចនៅតែជាដំណាំ ដែលមានសក្តានុពល សម្រាប់ការនាំចេញ។ ក្រសួងពាណិជ្ជកម្ម បានចាត់ទុកថា ម្រេចកម្ពុជា គឺជាផលិតផលមួយ ក្នុងចំណោមផលិតផលចំនួន១៩មុខ ដែលសក្តានុពលសម្រាប់នាំចេញ ៕
រក្សាសិទ្ធិដោយ៖CEN



