ខេត្តព្រះវិហារ៖ ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ បានថ្លែងអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ កុំរំលោភលើចំណីផ្លូវ ឬយកចំណីផ្លូវ ធ្វើជាអាជីវកម្ម ធ្វើឲ្យខូចខាតសោភ័ណភាព។ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះ ខណៈដែលលោកក្រោមវត្តមានលោក ខូយ ឃុនហ៊រ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ហៃ អភិបាលរងខេត្តព្រះវិហារ។
ក្នុងនោះលោក សំ លាងទ្រី បានបន្ថែមថា ពាក់ព័ន្ធបញ្ហាផ្លូវថ្នល់ ក្នុងខេត្តប្រះវិហារ ជាពិសេសផ្លូវលេខ៣ ខាងមន្ទីរសាធារណការខេត្ត បានយកចិត្តទុកដាក់ណាស់ ទោះបីគ្មានគំរោងថែទាំក៏ដោយ តែនេះជាការទទួលខុសត្រូវ តែមន្ទីរបានដាក់គំរោងស្នើសុំរួមនិងផ្លូវទៅទំនប់៩៥ ដើម្បីស្ថាបនាជាផ្លូវកៅស៊ូថែមទៀតផងដែរ។
ជាមួយគ្នានោះលោកប្រធានបានលើកឡើងថា ៖ចំពោះផ្លូវជាតិលេខ៣ សាងសង់ឆ្នាំ២០០៧-២០០៨ ក្រាលកៅស៊ូ ជាប្រភេទផ្លូវDBST មានអាយុកាលពី៦ទៅ៧ឆ្នាំប៉ុណ្ណឹងទេ។ ផ្លូវនៅក្នុងខេត្តព្រះវិហារ ធ្វើឡើងសំរាប់តម្រូវការភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ព្រោះពីមុនខេត្តព្រះវិហារយើងគ្មានផ្លូវកៅស៊ូទេ គឺហុយខ្លាំងណាស់ បន្ទាប់ពីបានសាងសង់ផ្លូវជាលក្ខណៈនយោបាយជាច្រើនកន្លែង។
លោក សំ លាងទ្រី ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋបងប្អូនប្រជាពលរដ្ឋថា “បងប្អូនប្រជាពលដ្ឋទាំងអស់ សូមមេត្តាកុំរំលោភលើចំណីផ្លូវ នៅពេលដែលបានសាងសង់ផ្ទះ គឺថ្មខ្សាច់នៅលើផ្លូវរហូត ដែលករណីនេះ ធ្វើឲ្យផ្លូវឆាប់ខូច និងមានការហូរចូលលូ បង្កឲ្យកកស្ទះ”៕ ដោយ៖ជាលី