សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងប្រធានអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយវិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយរួមមួយ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានអង្គរ ទទួលបានបទពិសោធន៍ល្អៗ ក្នុងដំណើរកម្សាន្តរបស់ខ្លួន។
នៅរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយតំណាងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះ មានអ្នកតំណាងមកពីក្រុមហ៊ុនឯកជន សណ្ឋាគារ វិស័យទេសចរណ៍ មគ្គុទេសក៍ទេសចរណ៍ជាដើម ដែលសរុបទាំងអស់ប្រមាណ៣០នាក់។
លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់ដោយចំហរលើកិច្ចសហប្រតិបត្តិការនានាជាមួយវិស័យឯកជន ដើម្បីស្វែងយល់ និងរកដំណោះស្រាយ សំដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរឱ្យមានការអភិវឌ្ឍប្រកបដោយចេរីភាព។
ថ្លែងក្នុងពិធីនោះ លោកស្រី ភឿង សកុណា បានអរគុណដល់វិស័យឯកជន ដែលបានចូលរួមក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ ដូចជាការផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ខ្មែរដល់ទេសចរណ៍នៅលើសាកលលោកបានដឹងពីភាពអស្ចារ្យរបស់កម្ពុជា។ លើសពីនេះទៀត លោកស្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តទៅមុខជានិរន្តរ ហើយស្នើឲ្យមានការពិភាក្សា ឬមានទំនាក់ទំនង ដោយផ្ទាល់ មកអាជ្ញាធរជាតិអប្សរា៕ ដោយ ៖ បញ្ញាស័ក្តិ