ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពីការចាប់ផ្តើម បើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី២ ក្រោម “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគួ្រសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១” សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលត្រូវបានកំណត់អត្តសញ្ញណ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង, ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៨ ខែកក្កដា នេះបានឲ្យដឹងថា ក្រោមការណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ក្រុមប្រឹក្សាជាតិគាំពារសង្គម សូមជូនដំណឹងដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលត្រូវបានកំណត់អត្តសញ្ញាណឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ក្នុងដំណាក់កាលទី២ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវី៨-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងដំណាក់កាលទី២ អញ្ជើញទៅបើកសាច់ប្រាក់នៅបញ្ឈរវីងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អ៊ែប (App) របស់ធនាគារវីង ក្នុងទូរសព្ទ និងសូមអនុវត្តវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ឱ្យបានខ្ជាប់ខ្លួន ដើម្បីរួមគ្នាទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩។

ប្រភពដដែលបានបន្តថា ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្រោយការបិទខ្ទប់នេះ គូសរំលេចឱ្យឃើញជាថ្មីម្ដងទៀត នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ក្នុងការជួយកាត់បន្ថយការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដោយមិនឱ្យពលរដ្ឋស្លាប់ដោយអត់បាយ និង ដោយគ្មានការយកចិត្តទុកដាក់នោះទេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ


