កណ្តាល ÷ បុរសម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ដៃចង្កូតជាមួយនឹងរថយន្តមិនចាំម៉ាក បណ្តាលឲ្យដួលបោកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯរថយន្តបង្ក បើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីយប់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០៥ ចំណុចជិតនឹងស្តុបតាលន់ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
សពមានឈ្មោះ អុី ស្រស់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរខាងរដ្ឋាករទឹក មានស្រុកកំណើតនៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស ជាជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1-IQ 1134 ធ្វើដំណើរតាមបណ្តោយផ្លូវ១០៥ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជិតនិងស្តុបតាលន់ ក៏បានជ្រុលទៅប៉ះនិងរថយន្តមួយគ្រឿង ដែលមិនចាំម៉ាកបណ្តាលឲ្យដួលបោកក្បាល នៅនឹងថ្នល់ស្លាប់នៅកន្លែងកើតហេតុតែម្តង ចំណែករថយន្តបានបន្តល្បឿន ទៅមុខជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់ធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក និងឲ្យក្រុមគ្រួសារជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង ដើម្បីងាយស្រួលឲ្យសមត្ថកិច្ច ឆែកកាមេរ៉ាដើម្បីតាមរករថយន្តបង្ក បន្ទាប់មកក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត តាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត


