ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចាប់ផ្តើមបើកសាច់ប្រាក់ឧបត្ថម្ភ ក្នុងដំណាក់កាលទី២ ក្រោម ” កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាល នឹងចាប់ផ្តើមបើកសាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ ក្នុងដំណាក់កាលទី២ ជូនប្រជាពលរដ្ឋដែលលំបាកក្នុងជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកជំងឺកូវីដ-១៩ ទៅតាមគោលដៅជាក់ស្ដែង ដែលបានកំណត់អត្តសញ្ញាណរួចហើយនោះ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។

ក្រោមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សេចក្ដីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិគាំពារសង្គម សូមប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងដំណាក់កាលទី២ អញ្ជើញទៅបើកសាច់ប្រាក់នៅ បញ្ជរវីង ណាមួយ ដែលនៅជិតផ្ទះ ឬប្រើប្រាស់អ៊ែប (App) របស់ធនាគារវីង ក្នុងទូរស័ព្ទ និងសូមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។
ការដាក់ឱ្យអនុវត្តកម្មវិធីសាច់ប្រាក់ក្រោយការបិទខ្ទប់នេះ បានរំលេចឲ្យឃើញជាថ្មីម្ដងទៀតនូវកិច្ចខិតខំប្រឹងប្រែង និងការចូលចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅលើជីវភាពក្រីក្រលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទាំងជាភាពក្នុងគ្រួសារ ទាំងផលលំបាកក្នុងសង្គម, ជាពិសេសការរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ នេះទៀតសោត សម្ដេចតេជោ ហ៊ុន សែន បានរៀបចំយុទ្ធវិធី វិធានការ អនុក្រឹត្យ ច្បាប់ និងវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺបានប្ដេជ្ញាចាក់ជូនប្រជាជន អាយុ១៨ឆ្មាំឡើង និងអ្នកមានដែលសុខភាពអាចចាក់បាន យ៉ាងហោចណាស់ ១០លាននាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN



















