ពិតណាស់ ជារៀងរាល់ថ្ងៃ យើងគ្រប់គ្នាតែងតែឃើញក្រុមគ្រូពេទ្យស្ថិតក្នុងសម្លៀកបំពាក់ការពារ PPE មិនថានៅកន្លែងមន្ទីរពេទ្យមើលថែព្យាបាលអ្នកជំងឺកូវីដ ឬ ចុះទៅដឹកអ្នកជំងឺមកព្យាបាល និងលើកសពទៅកាន់ទីកន្លែងបូជា។ តែយ៉ាងណា ទន្ទឹមនឹងនោះ ក៏មានមនុស្សមួយចំនួនតូច ដែលមិនបានគិតយល់ដឹងច្បាស់ពីការលំបាករបស់ក្រុមគ្រូពេទ្យជូរមុខ ដែលត្រូវស្លៀកឈុតការពារនេះរាប់ម៉ោង ដែលរហូតពេលខ្លះដល់ទៅ ១២ ម៉ោង ក៏មាន បែរជានាំគ្នាជេរប្រមាថ ឬ ប្រើពាក្យសម្តីមិនសមរម្យ ទៅកាន់ពួកគាត់ នៅពេលដែលពួកគាត់ធ្វើពុំបានគាប់ចិត្តជាដើម។

ដោយឡែក បុរសម្នាក់ឈ្មោះ ខៀវ វុទ្ធី ដែលបានជេរប្រមាថ ប្រើពាក្យសម្តីមិនសមរម្យ ទៅកាន់ក្រុមគ្រូពេទ្យជួរមុខ ព្រោះខឹងជុំវិញរឿងលើកសពបងប្រុសខ្លួនទៅបូជា នៅទីបំផុត បានធ្វើការសុំទោសទៅដល់ក្រុមការងារគ្រប់គ្រងសព នៃ មន្ទីរពេទ្យមិត្តភាព ខ្មែរ – សូវៀត បន្ទាប់ពីបានស្លៀកឈុត PPE មិនបានប៉ុន្មានផង ទើបដឹងថា វាពិបាកក្តៅស្អុះស្អាប់ ថប់ខ្យល់ពិបាកប៉ុណ្ណា។
នេះបើយោងតាមគណនីហ្វេសប៊ុក លោក យឹម វាសនា ប្រធានក្រុមការងារគ្រប់គ្រងសព នៃ មន្ទីរពេទ្យមិត្តភាព ខ្មែរ – សូ វៀត នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះវីដេអូបង្ហាញបុគ្គលខាងលើដែលបានជេរ ស្ថិតក្នុងសម្លៀកបំពាក់ PPE បានធ្វើការសុំទោសដល់ក្រុមគ្រូពេទ្យ ដោយលោកបានបញ្ជាក់ឲ្យដឹងថា៖ «បុគ្គលម្នាក់នេះឈ្មោះ ខៀវ វិទ្ធី ប្អូនប្រុសរបស់សព ខៀវ ចំប៉ី បានជេរប្រមាទដល់ក្រុមការងារ ដោយពាក្យមិនសមរម្យ អុីចឹងឲ្យគាត់ស្លៀកសម្លៀកបំពាក់ ដូចក្រុមការងារតើគាត់ទ្រាំបានទេ»។

ជាក់ស្តែង កាលពីពេលកន្លងទៅនេះ មានការចែករំលែកនៅលើបណ្តាញសង្គមឲ្យឃើញនូវទិដ្ឋភាពដ៏រំជួលចិត្តមួយ ខណៈបងប្អូនគ្រួសារនៃសពមួួយ ចំនួន ២ នាក់ នៅ ស្រុកឱរ៉ា ល់ ខេត្តកំពង់ស្ពឺ ហេតុតែ មានក្តីស្រឡាញ់សពខ្លាំងពេក ខំពាក់ខោអាវការពារ PPE សុំលើកសពខ្លួនឯង ប៉ុន្តែដោយមិនអាចទប់នឹងភាពក្តៅ ហប់ខ្យល់ បូករួមជាមួយការហេវហត់ខ្លាំង បានបណ្តាលឲ្យដួលសន្លប់នៅនឹងកន្លែងទាំងពីរនាក់តែម្តង បន្ទាប់ស្លៀកខោអាវ PPE ក្នុងរយៈពេលត្រឹមតែ ២ ទៅ ៣ ម៉ោង សោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









