តាកែវ ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាមតាមរយៈក្រសួងសុខាភិបាល ដើម្បីបើកយុទ្ធនាការ ចុះចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ចាក់ជូនដល់ប្អូនប្រជាពលរដ្ឋ កម្មករ និងព្រះសង្ឃ នៅស្រុកដែលប្រឈមនិងហានិភ័យខ្ពស់ ។

ថ្លែងក្នុងការចុះត្រួតពិនិត្យ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរសុខាភិបាលខេត្តាកែវនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ឲ្យរួចផុតពីការគំរាមកំហែង នៃជម្ងឺឆ្លងកូវីដ១៩ ដែលនៅលើសកលលោក បាននឹងកំពុងមានការគំរាមកំហែង និងមានមនុស្សស្លាប់ ដោយសារតែមេរោគកូវីដនេះ ជាច្រើននាក់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមចាក់វ៉ាក់សាំងការពារឲ្យបានគ្រប់ៗគ្នា ។
ឯកឧត្តម អ៊ូច ភា បានលើកឡើងថា ការចាក់វ៉ាក់សាំងគឺ ជាការការពារពីការឆ្លងនៃជម្ងឺកូវីដ មិនមែនជាកន្លែងប្រភពចម្លងមេរោគកូវីដនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំង សូមគោរពទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតឲ្យបានត្រឹមត្រូវ មិនមែនមកប្រមូលផ្តុំគ្នា ដែលជាហេតុនាំឲ្យមានការចម្លងជម្ងឺនោះទេ ។
ក្នុងនោះឯកឧត្តមអភិបាលខេត្តតាកែវ បានបញ្ជាក់ថា ចំពោះដំណើរការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ នៅក្នុងខេត្តតាកែវ របស់យើងបាន៤ស្រុកហើយ ក្នុងនោះមានស្រុកបាទី ស្រុកសំរោង ស្រុកត្រាំកក់ និងនៅថ្ងៃនេះ នៅក្រុងដូនកែវ ដោយឡែកស្រុកផ្សេងៗទៀត និងបន្តចាក់ជាបន្តបន្ទាប់ ហើយការចាក់វ៉ាក់សាំងនេះដែរទៀតសោធ គឺមិនមានការយកលុយយកកាក់អីទេ បើសិនជាមានអ្នកប្រព្រឹត្តិបែបនេះ និងត្រូវជាប់ទោស ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងនេះ មកចាក់ជូនប្រជាពលរដ្ឋ ដោយមានកិច្ចសហការជាមួយ និងអាជ្ញាធរ និងក្រុមគ្រូពេទ្យបានយ៉ាងល្អ ៕ រក្សាសិទ្ធិដោយ៖ តាកែវ


