ភ្នំពេញ ៖ ក្នុងស្ថានភាពនៃផលប៉ះពាល់ដោយជំងឺកូវីដ១៩ ភោជនីយដ្ឋាន ផាក កាហ្វេ ដែលគេស្គាល់ជាហាងអាហារក្នុងស្រុកជាច្រើនឆ្នាំមកហើយនោះ នៅ ពេលនេះ នៅតែបន្តពង្រីកសាខាថ្មី របស់ខ្លួន ដោយដាក់ទីតាំងកាន់តែច្រើនឡើងនៅតំបន់ ទីប្រជុំជនថ្មី ជាពិសេសនៅតំបន់ជាយរាជធានីភ្នំពេញ។
អ្នកជំនាញក្នុងវិស័យអាហារ និងភេសជ្ជៈ បានឱ្យដឹងថា ការពង្រីកខ្លួនទាំងក្នុងតំបន់កណ្តាលក្រុង និងតំបន់ទីប្រជុំជនថ្មី ជាគំរូអាជីវកម្មរបស់ផាក កាហ្វេ ដែលអាចឲ្យអ្នកមានដីធ្លីទំនេរចោលនៅជាយក្រុង ឬតាមផ្លូវជាតិ ចូលរួមទាញប្រយោជន៍ ដើម្បីបង្កើតមុខរបរផង និងបង្កើនតម្លៃអចលនទ្រព្យផង។
លោក ហេង សេងលី នាយកប្រតិបត្តិក្រុមហ៊ុន United Food Group (UFG) ដែលជាក្រុមហ៊ុនមេរបស់ភោជ នីយដ្ឋានផាកកាហ្វេ បានឲ្យដឹងថា គំរូអាជីវកម្មរបស់ ផាក កាហ្វេ ពិតជាស័ក្កិសមសម្រាប់ដាក់ទីតាំងទាំងនៅក្នុងតំបន់ក្នុង ក្រុងស្រាប់ និង នៅទីប្រជុំជនថ្មី ជាពិសេសផ្លូវចេញពីក្រុងទៅខេត្តនានា។

លោកបន្តថា តម្រូវការអាហារនៅតែខ្លាំងគ្រប់កាលៈទេសៈ បើទោះបីជាស្ថានភាពនៃផលប៉ះពាល់ដោយសារ ជំងឺកូវីដ១៩ក៏ដោយ ក៏អតិថិជននៅតែមានតម្រូវការ ដោយសារយើង បានបង្កើតប្រភេទភោជនីយដ្ឋានបច្ចេកវិទ្យា Technology Restaurant ដើម្បីបម្រើនូវសេចក្តីចាំបាច់របស់អតិថិជន។
លោក ហេង សេងលី បញ្ជាក់ថា បើទោះបីជាស្ថានភាពមិនអំណោយផលដែលប៉ះពាល់ដល់អាជីវកម្មជាច្រើន ដោយជំងឺកូវីដ១៩ តែផាកកាហ្វេ នៅតែបន្តពង្រីកវិវត្តន៍ខ្លួន ជាប្រភេទភោជនីយដ្ឋានបច្ចេកវិទ្យា Technology Restaurant ដែលផ្តល់នូវសេវាដឹកជញ្ជូន និងប្រើបច្ចេកវិទ្យា ក្នុងការកម្ម៉ង់ម្ហូប និងទូទាត់។

គួរបញ្ជាក់ថា បើយោងតាមអ្នកជំនាញ យុទ្ធសាស្រ្តពង្រីកខ្លួនថ្មីរបស់ផាក កាហ្វេនាពេឡនេះ កំពុងរួមចំណែកយ៉ាងសំខាន់ ដល់កំណើន ចរាចរមនុស្សនៅតំបន់ ដែលធ្លាប់តែស្ងប់ស្ងាត់ ហើយក៏បានកំពុងផ្តល់ផលវិជ្ជមាន ដល់តម្លៃដីធ្លីនៅជាយរាជធានីភ្នំពេញផងដែរ៕
រក្សាសិទ្ធិដោយ៖CEN