ភ្នំពេញ ៖ ធនាគារ ABA កំពុងពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយ UnionPay ដែលជាបណ្តាញទូទាត់ជាសកល ដែលបម្រើដល់ការទូទាត់ តាមរយៈកាតធំជាងគេបំផុតនៅលើពិភពលោក ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធទូទាត់តាម (QR)និងរហ័ស។

ធនាគារ ABA បាននិងកំពុងផ្តល់សេវាតាមរយៈកាត UnionPay តាំងពីឆ្នាំ ២០១៥ ហើយមានទីតាំងទទួលការទូទាត់កាតនេះជាង ១០០០ កន្លែងនៅទូទាំងប្រទេសរួមទាំងនៅតាមបណ្តាញហាងនានា រួមមាន The Asia Kitchen, Bonchon និង The Pizza Company ។
ធនាគារ ABA បាននិងកំពុងដាក់ពង្រាយនូវប្រព័ន្ធទូទាត់តាមរយៈ QR ដែលអាចបើកដំណើរការដោយ UnionPay សម្រាប់ការទូទាត់ប្រាក់នៅអាជីវករជាង ១០០០ កន្លែងរួមមានផ្សារបាយ័នរង្វង់មូល K រោងភាពយន្តលេជេនហាងទំនើបហាង Tous Les Jours និង Zando ។ ធនាគារ ABA បានចាប់ផ្តើមទទួលបានការទូទាត់តាមអ៊ិនធឺរណែតតាមបណ្តាញ PayWay របស់ UnionPay អន្តរជាតិនៅឆ្នាំ ២០១៩ ។

កញ្ញា លាង ចិន្តា នាយកគ្រប់គ្រងប្រចាំ ប្រទេសកម្ពុជា នៃក្រុមហ៊ុន UnionPay International Southeast Asia បានថ្លែងថា៖«យើងបានឃើញប្រជាជនកម្ពុជាចាប់យកផលិតផលទូទាត់ដែលមានលក្ខណៈច្នៃប្រឌិតដូចជាការទូទាត់តាមអ៊ិនធឺរណែតនិងតាមរយៈ QR សម្រាប់ការទូទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ UnionPay ខិតខំផ្តល់នូវផលិតផលនិងសេវាកម្មទូទាត់ដែលឆ្លើយតបទៅនឹងតម្រូវការទូទាត់របស់អតិថិជននិងអាជីវកម្មក្នុងស្រុក។ ដូច្នេះយើងមានសេចក្តីសោមនស្សរីករាយដែលបានពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងជាមួយដៃគូដែលមានគំនិតដូចគ្នានិងឈានមុខគេផ្នែកហិរញ្ញវត្ថុឌីជីថល ដូចជាធនាគារអេប៊ីអេដើម្បីជួយពន្លឿនការផ្លាស់ប្តូរ របស់ប្រទេសកម្ពុជាទៅសង្គមដែលគ្មានសាច់ប្រាក់»។
កាលពីឆ្នាំមុន UnionPay បានបង្កើនការគ្របដណ្ដប់របស់ខ្លួនចំនួន ៥០ ភាគរយនៅក្នុងទីក្រុងភ្នំពេញសៀមរាប និងព្រះសីហនុ។ គំនិតផ្តួចផ្តើមនៃការដាក់ពង្រាយប្រព័ន្ធទូទាត់តាមរយៈ QR Codeនិងលេខកូដ UnionPay QR នៅតាមអាជីវករ ប្រាកដជាជះឥទ្ធិពលវិជ្ជមានដល់ជីវិត អតិថិជនរបស់យើងនៅទូទាំងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ៖CEN