Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម គ្រោងបញ្ជូនសេចក្តីព្រាងច្បាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ទៅកាន់រដ្ឋសភា ដើម្បីសុំការអនុម័ត

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម គ្រោងបញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរីកម្ពុជា-ចិន ទៅកាន់រដ្ឋសភា ដើម្បីសុំការអនុម័តនៅឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីទទួលបានការគាំទ្រទាំងស្រុង ពីគណៈកម្មការជំនាញនៃរដ្ឋសភា។

កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់នេះ តាមប្រព័ន្ធវីដេអូ ក្រោមវត្តមានពី លោកជំទាវ និន សាផុន ប្រធាន គណៈកម្មការទី៩ នៃរដ្ឋសភា ដោយបានលើកឡើងថា គោលបំណងសំខាន់នៃកិច្ចប្រជុំ គឹដើម្បីពិនិត្យ លើសេចក្តីព្រាងច្បាប់នេះ ដែលអាចចូលជាធរមានបាន នៅដើមឆ្នាំ២០២២ខាងមុខ។

ឯកឧត្តម ប៉ាន់ សូរស័ក្តិ មានប្រសាសន៍ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ពិតជាបានចូលរួមអនុវត្តន៍យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ស្របតាមចំណុចទី៤ស្តីពី ការពង្រឹង សមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្មខ្លួនចូល ក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ដែលបានកំណត់ក្រោម ផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់ សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល។

ក្នុងកិច្ចប្រជុំនោះដែរ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានឱ្យដឹងថា ការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត គឺស្របពេលដែលកម្ពុជាអាចផលិត បាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ។

ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯង ឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត ផ្តល់កាលានុវត្តភាព ផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។ ជាពិសេស ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩ ដែលកិច្ចព្រមព្រៀងនេះ ក៏នឹងជួយដល់យុទ្ធសាស្រ្តស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា តាមរយៈកំណើននៃការនាំចេញទៅទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា ដែលនឹងជួយបង្កើតការងារ និងចំណូលជូនប្រជាជនកម្ពុជា៕
រក្សាសិទ្ធិដោយ៖CEN

×