ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅឆ្នាំ២០២១នេះ ក្រសួងបានរៀបចំជាលើកដំបូង នូវព្រឹត្តិការណ៍ថ្មីមួយទូទាំងប្រទេស គឺព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១ ” ការសិក្សាដោយការបង្កើតគម្រោង បំណងប្រាថ្នា ” , ការដាក់ចេញបែបនេះរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឡើងក្នុងសេចក្តីណែនាំស្តីពីមួយ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដោយជំរុញ និងលើកទឹកចិត្តដល់ការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស។

ព្រឹត្តិការណ៍ប្រកួតសិសិ្សឆ្នើម ស្ដីពី ” ការសិក្សាបង្កើតគម្រោង បំណងប្រាថ្នា ” នេះ គឺក្រសួងអប់រំ មានគោលបំណងផ្តល់ឱកាសសម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ នៅទូទាំងប្រទេស ដែលមកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងការបញ្ចេញស្នាដៃ នៃការសិក្សា និងសរសេរគម្រោងស្រាវជ្រាវ ដែលជាបំណងប្រាថ្នាផ្ទាល់ខ្លួន ដោយមានមូលដ្ឋានលើមេរៀន និងមុខវិជ្ជាដែលមាននៅក្នុងកម្មវិធីសិក្សាជាតិ។
គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយថ្មីទៀត ស្តីពី «អាទិភាពនៃមូលនិធិការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ឆ្នាំ២០២១-២០២២ នៃក្រសួងអប់រំ យុវជន និងកីឡា» ដែលជាគំនិតផ្តួចផ្តើមថ្មីមួយដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយ
គោលដៅចម្បងនៃមូលនិធិនេះ គឺរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើ នវានុវត្ត ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ដែលឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសាកលភាវូបនីយកម្ម។

ក្រសួងអប់រំ ឲ្យដឹងទៀតថា អំឡុងឆ្នាំ២០២០-២០២១ មូលនិធិ ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ បានធ្វើអាទិភាវូបនីយកម្មលើការអនុវត្តថវិកាដោយផ្តល់ការគាំទ្រទៅដល់ការរៀបរៀងនិពន្ធ និងកែលម្អសៀវភៅសិក្សា ដែលនឹងត្រូវប្រើប្រាស់នៅកម្រិតឧត្តមសិក្សា ក្នុងគោលបំណងបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រីកសមធម៌ នៃធនធានសិក្សាជាខេមរភាសាជូនដល់និស្សិត ដែលកំពុងបន្តការសិក្សា និងត្រៀមខ្លួនធ្វើការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN



