ភ្នំពេញ ៖ មិនបាច់និយាយច្រើន ក៏ប្រិយមិត្តបានជ្រាបរួចហើយ ជុំវិញរឿងរ៉ាវតំណែងទីប្រឹក្សា ដែលឃើញថា បានបង្កឲ្យមានការផ្ទុះការចាប់អារម្មណ៍ខ្លាំង ដែលក្នុងនោះមហាជនភាគច្រើន ដែលសម្តែងការមិនគាំទ្រ នៅតែបន្តធ្វើការគ្នារិះគន់កប់ៗមាត់តែម្តង ព្រោះតែមិននឹកស្មានថា ត្រឹមបុគ្គលលក់តាមអនឡាញច្រៀងរាំដាក់ហ្វេសប៊ុក តិចតុក ឬ អះអាងថាខ្លួនជាគ្រូមហាជោគមហាជ័យ ដែលតែងចេញលើកតម្កើងខ្លួន មានប្ញទី្ធបារមីខ្លាំងពូកែហាក់ មិនសមទំនងទាល់តែសោះ បែរក្លាយជាទីប្រឹក្សាផ្ទាល់សម្តេចសង្ឃ បែបនេះ។

ពិតណាស់ ក្នុងនោះ សូម្បីតែព្រះសង្ឃមួយអង្គដែលមានគណនីហ្វេសប៊ុកឈ្មោះ Ek Sam ក៏ហ៊ានចេញមុខរិះគន់យ៉ាងចាស់ៗដៃថា «ហុឺ! ស្រុកខ្ញុំកើតជម្ងឺមហារីកដំណាក់កាលចុងក្រោយប្រាកដណាស់ឬ? អាត្មាអញ! ដេកគិត ដើរគិត អង្គុយគិត ជុះគិតនៅតែមិនយល់ អាម៉េចបានគណៈសង្ឃធម្មយុត្តិមួយទាំងមូល រកព្រះសង្ឃធ្វើទីប្រឹក្សាមិនបាន បែរជាយកអ្នកលក់ឡេនិងគ្រូមហាជោគនេះមកធ្វើទីប្រឹក្សាវិញ? គិតទៅសម្បត្តិត្រឹមអ្នកលក់ឡេអនឡាញនិងទស្សទាយជោគជាំ ក៏អាចក្លាយជាទីប្រឹក្សាស្តេចសង្ឃស្រុកខ្មែរបាន រឿងអីដែលធម៌ព្រះពុទ្ធមិនរលាយ»។
ដោយឡែក លោកមហាទើស ម៉ៃ សុគន្ធ ឯណេះវិញ ក៏មិនខុសពីបងប្អូនមហាជនប៉ុន្មាននោះដែរ ដោយលោកបានដាក់ឡើងម៉ាឆ្ងាញ់បែបនេះថា៖ «គេចេះហៅភ្លៀង ហៅរន្ទះបាញ់ គេចេះលក់ឡេរាំដាក់ហ្វេសបុក តិកតុក បានឡើងជាទីប្រឹក្សាសម្ដេចសង្ឈ ចុះខ្ញុំចេះទាយបាល់តាមផ្លូវក្នុងមាន់ដុត តើថ្ងៃណាទៅបានដល់វេនខ្ញុំទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










