ភ្នំពេញ ÷ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប្រជាការពារ ចាប់ឃាត់ខ្លួនបានភ្លាមៗ ខណ:កំពុងតែធ្វើសកម្មភាព លួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវ និងស្ពានអាកាសស្ទឹងមានជ័យ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវ២៧១ ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ មានឈ្មោះ នូវ វិច្ឆកា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងមានសារធាតុញៀនក្នុងខ្លួនផងដែរ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា កន្លងមកថ្មីៗនេះ មានក្រុមចោរ តែងតែធ្វើសកម្មភាពឆក់ទូរស័ព្ទដែរ និងកាបូបលុយពីអ្នកដំណើរ ជាញឹកញាប់នៅចំណុច ខាងក្រោមស្ពានអាកាស្ទឹងមានជ័យ ទើបកម្លាំងមានសមត្ថកិច្ច ចុះល្បាតពួនស្ទាក់ នៅទីនោះក៏បានប្រទះឃើញជនសង្ស័យខាងលើនេះ កំពុងតែធ្វើសកម្មភាព លួចកាត់យកខ្សែភ្លើងរបស់រដ្ឋ ដើម្បីបំភ្លឺផ្លូវ និងស្ពាន ពេលនោះកម្លាំងសមត្ថកិច្ច របស់គណ:បញ្ជាការឯកភាព សង្កាត់ស្ទឹងមានជ័យទី១ ធ្វើការឡោមព័ទ្ធឃាត់ខ្លួន ជនសង្ស័យបានម្នាក់ភ្លាមៗ ចំណែកបក្ខពួកចំនួន២នាក់ ផ្សេងទៀត បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងប្រជាការពារ បានប្រគល់ទៅឲ្យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដឹកយកទៅសាកសួរបន្ត។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ច ឲ្យដឹងថា រូបគេពិតជាបានធ្វើសកម្មភាព កាត់ខ្សែភ្លើងពិតប្រាកដមែន ហើយរូបគេក៏ធ្លាប់ ធ្វើសកម្មភាពដាក់ដុំថ្ម ដើម្បីឲ្យអ្នកជិះម៉ូតូនៅម្តុំខាងក្រោម ស្ពានអាកាសស្ទឹងមានជ័យ ដួលគ្រោះថ្នាក់ចរាចរណ៍រួច ពួកគេធ្វើជាជួយលើកម៉ូតូជនរងគ្រោះ ហើយជិះម៉ូតូជនរងគ្រោះ រត់គេចខ្លួនតែម្តង ។
បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម



