នេះជារឿងមួយដ៏មិននឹកស្មាន ហើយក៏សូមចូលរួមត្រេកអរជំនួសផងដែរ ចំពោះយុវជនជាពលករខ្មែរម្នាក់ ទៅធ្វើការនៅប្រទេសថៃ ក៏បានក្លាយជាតារាចម្រៀងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសថៃ បន្ទាប់ពីល្បីនៅលើ Tik Tok។

នេះបើតាមសារព័ត៌មានថៃមួយ បានចុះផ្សាយឲ្យដឹងថា បុរសខ្មែរម្នាក់មានឈ្មោះថា កែវ ជាកម្មករលាបពណ៌ផ្ទះ នៅក្នុងខេត្ត Chonburi ដែលតែង Cover បទចម្រៀង និងបញ្ចេញក្បាច់រាំ នៅលើបណ្តាញសង្គម Tik Tok ឥឡូវនេះ បានក្លាយជាតារាកំពុងទទួលការចាប់អារម្មណ៍កាន់តែខ្លាំង នៅលើបណ្តាញសង្គម។
ពិតណាស់ រូបគេបានទទួលការចាប់អារម្មណ៍ពីមហាជន គឺតាមរយៈការសម្តែងក្នុងវីដេអូ Tik Tok ជាមួយម៉ូដសក់ ម៉ូដខោប្លែកៗ និងជាពិសេស គឺស្ទាយ៍ «ច្រវ៉ាក់» ដែលមិនអាចខ្វះបាន ដោយរាំចាក់ក្បាច់ជាមួយបទចម្រៀងថៃ ឡាវ កម្ពុជា និងបទចម្រៀងបរទេសដទៃទៀត។ ហើយអ្វីដែលធ្វើឲ្យមហាជនចូលចិត្តនោះ គឺ កែវ ជាមនុស្សម្នាក់ដែលតែងតែនិយាយសុភាពរាបសា និងថែមទាំងចេះនិយាយភាសាថៃយ៉ាងស្ទាត់ជំនាញទៀតផង។

ចាប់តាំងពីទទួលបានភាពល្បីល្បាញមក តារា Tik Tok រូបនេះ ក៏តែងមានតែមាន Sponsors ជាបន្តបន្ទាប់ និងជាពិសេស កាលពីពេលថ្មីៗនេះ កែវ បានក្លាយជាតារាដែលទើបនឹងចូលប្រឡូក ក្នុងវិស័យសិល្បៈជាមួយតារាថៃផងដែរ។ ជាក់ស្តែង នៅថ្ងៃទី១៩ ខែមិថុនា កន្លងទៅនេះ អតីតពលករខ្មែររូបនេះ បានចេញនូវបទចម្រៀងជាមួយសិល្បករថៃលើកដំបូង មានចំណងជើងថា «ចង់បាននាង» ដែលច្រៀងជាភាសាថៃ និងមានឃ្លាលាយខ្មែរផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន កែវ មានអ្នកតាមដានជាង ១,៩ លាននាក់ នៅលើ TikTok ហើយក្នុងឃ្លីបនីមួយៗរបស់គាត់ គឺមានអ្នកចូលមើលរាប់លានដងឯណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




























