Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រមណីយដ្ឋានធំជាងគេទី១ នៅខេត្តព្រៃវែង នឹងចាប់ផ្តើមដំណើរការ នៅដើមឆ្នាំក្រោយនេះ

spot_img

ខេត្តព្រៃវែង ៖ ជាលើកទី១ហើយដែលរមណីយដ្ឋាលក្ខណៈកែច្នៃដ៏ធំមួយត្រូវបានបង្កើតឡើងនៅខេត្តព្រៃវែង។ រមណីយដ្ឋានដែលមានឈ្មោះថា ភូមិសុខារាវី ត្រូវបានចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ និងចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។

រមណីយដ្ឋាននេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ នៅក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយមានចម្ងាយប្រមាណជិត១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ការចាប់ផ្តើមបង្កើតរមណីយដ្ឋាន ភូមិសុខារាវី នេះ គឺបានបង្ហាញពីការចាប់អារម្មណ៍ថ្មីៗ របស់អ្នកវិនិយោគក្នុងស្រុកចំពោះការរីចម្រើន សេដ្ឋកិច្ចនៅតាមបណ្តោយផ្លូវជាតិលេខ១ តភ្ជាប់ពីកម្ពុជាទៅប្រទេសវៀតណាម។

រមណីយដ្ឋាន ភូមិសុខារាវី ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ៧៣ហិកតា ហើយគ្រោងចំណាយទុនវិនិយោគ ក្នុងទឹកប្រាក់ប្រមាណជាង១០លានដុល្លារអាមេរិក។ រមណីយដ្ឋាននេះបានផ្តោតលើការច្នៃប្រឌិត បែបខ្មែរដោយមានល្ខណៈពិសេសជាច្រើនចំណុចដូចជា មានសង់ផ្ទះធ្វើពីឈើម៉ូដបុរាណ មានប្រភពដើមចេញពីតំបន់ផ្សេងៗ នៃប្រទេសកម្ពុជា មានចំនួន១៥ផ្ទះ ផ្ទះវីឡាចំនួន១០ផ្ទះ មានប្រឡាយទឹកព័ទ្ធជុំវិញប្រវែង៥គីឡូម៉ែត្រ មានភូមិមូលដោយដាំដើមឬស្សីចំនួន២៥០០ដើម (ជាទីតាំងសម្រាប់ធ្វើសមាធិ) ។ លើសពីនេះទៅទៀត រមនីយដ្ឋានមួយនេះក៏ជាកន្លែងទាក់ទាញ ដល់សត្វស្លាបជាច្រើនមករកចំណី ដែលបានផ្តល់នូវទស្សនីយភាពដោយកម្រតាមបែបធម្មជាតិ។

លោកស្រី យិន ដារ៉ាវី នាយិកាប្រតិបត្តិរមណីយដ្ឋាន ភូមិសុខារាវី បានលើកឡើងថា ទោះបីជាខេត្តព្រៃវែង មានចំនួនប្រជាជនមិនច្រើន ដូចបណ្តាខេត្តទេសចរណ៍សំខាន់ៗក៏ដោយ ប៉ុន្តែខេត្តនេះ ចាប់ផ្តើមមានចំនួនអ្នកធ្វើដំណើរឆ្លងកាត់ច្រើនដូច្នេះ វាគឺជាសក្តានុពលមួយសម្រាប់ការបើក ដំណើរការរមណីយដ្ឋានថ្មីនេះ។ បើតាមលោក ស្រី យិន ដារ៉ាវី ក្រៅពីការវិនិយោគដើម្បីប្រាក់ចំណេញ រមណីយដ្ឋានមួយនេះក៏មានគោលការណ៍ជារួម គឺផ្តោតលើការថែរក្សាវប្បធម៌ បរិស្ថាន លើកកម្ពស់សុខភាពផ្លូវចិត្ត ព្រមជាមួយនឹងសុខភាពផ្លូវកាយតាមរយៈការផ្គត់ផ្គង់ម្ហូបអាហារ និងបន្លែសរីរាង្គជាដើម។

ថ្មីៗនេះ រមណីយដ្ឋាន ភូមិសុខារាវី បានប្រារព្ធកម្មវិធីប្រលែងកូនត្រី និងកូនបង្កងដោយបានអញ្ជើញ ចូលរួមពីមន្ដ្រីរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរដ្ឋទូតឥណ្ឌា មន្ត្រីស្ថានទូតប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមជាមួយពាណិជ្ជករខ្មែរ និងជប៉ុនមួយចំនួនទៀត។ កម្មវិធីបានប្រលែងកូនត្រី និងកូនបង្កងប្រមាណរង្វង់៣ម៉ឺនក្បាល ចូលទៅក្នុងបឹងដែលបង្កើតឡើងដោយរមណីយដ្ឋាន ភូមិសុខារាវី ។

លោក បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា ការប្រារព្ធកម្មវិធីប្រលែងកូនត្រី និងកូនបង្កងរបស់រមណីយដ្ឋាន គឺជាគំរូមួយក្នុងការពង្រីកការផ្សព្វផ្សាយការចិញ្ចឹមត្រី និងបង្កងទៅដល់ប្រជាជនកម្ពុជា ដែលជាផ្នែកមួយជួយបង្កើនសេដ្ឋកិច្ចគ្រួសារនៅកម្ពុជា។

សូមបញ្ជាក់ថា ពេលចាប់ផ្តើមបើកដំណើរការ រមណីយដ្ឋាន ភូមិសុខារាវី បានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ បានរង្វង់១០០នាក់ ដោយមានសមត្ថភាព ទទួលភ្ញៀវមកស្នាក់នៅក្នុងពេលតែមួយ បានចំនួន២០០នាក់ និងអាចផ្គត់ផ្គង់ម្ហូបអាហារ ដល់ភ្ញៀវក្នុងពេលតែមួយ បានរហូតដល់ចំនួន២ពាន់នាក់។ ហើយការបើកដំណើរការរមណីយដ្ឋាននេះ នៅតាមបណ្តោយផ្លូវជាតិលេខ១ ធ្វើឡើងចំពេលដែលប្រទេសជប៉ុនបាន និងកំពុងគាំទ្រដល់តំណភ្ជាប់ផ្លូវដឹកជញ្ជូន បម្រើឲ្យផ្នែកសេដ្ឋកិច្ចរវាងប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាម៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×