ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពពិចារណាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី៣ និងក្រោមអាយុ ១៨ឆ្នាំ នឹងបន្តទិញវ៉ាក់សាំងកូវីដ១៩ និងសម្រេចការបន្តការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា ឲ្យបានតាមផែនការកំណត់។ ប្រសាសន៍សម្តេចបានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា គ្រប់ក្រសួងស្ថាប័នត្រូវយកចិត្តទុកដាក់ នៅក្នុងការប្រើប្រាស់ឧបករណ៍ តេស្តរហ័សដោយសន្សំសំចៃ និងប្រើប្រាស់ថវិកាសន្សំ ដើម្បីទិញឧបករណ៍តេស្តរហ័ស សម្រាប់ប្រើប្រាស់នៅក្នុងសាមីក្រសួងស្ថាប័ន។
សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុគណៈកម្មការគ្រប់គ្រង ច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹង សមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករ និងប្រជាពលរដ្ឋដែលឆ្លងដែន ចូលព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បំប្លែងថ្មី DELTA ដ៏កាចសាហាវកុំឱ្យចូលមកក្នុងសហគមន៍។ គ្រប់ក្រសួងស្ថាប័នត្រូវអនុវត្តការងារ តាមប្រព័ន្ធអនឡាញ ដើម្បីធានារក្សាប្រក្រតីភាពការងារ និងចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយៈ ចេស្តារ


