ភ្នំពេញ ៖ ការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ-១៩ មិនមែនជារឿងសាមញ្ញនោះទេ ព្រោះថាប្រសិនបើសំរាមនោះអារាត់អារាយ វាងាយនឹងឆ្លងវីរុសកូវីដ-១៩ ទៅអ្នកដទៃផ្សេងទៀត, ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលសម្រាកព្យាបាលថែទាំនៅតាមផ្ទះ ឲ្យបានត្រឹមត្រូវ។

ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដូចតទៅ ÷
១- ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឲ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមរបស់អ្នកផ្សេងទៀត,
២- ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុល សម្លាប់មេរោគកូវីដ-១៩ នៅលើសំរាមទាំងខាងក្នុង និងខាងក្រៅស្បោង ហើយទុកដាក់សំរាមដាច់ដោយឡែក លើសពី៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន,
៣- ត្រូវដាក់សំរាមក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល,
៤- ត្រូវប្រើប្រាស់ស្បោងសំរាម ដែលមានចំណុះ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបានរយៈពេល៥ថ្ងៃយ៉ាងតិច ជៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ ដែលអាចនាំឲ្យអ្នកដទៃផ្សេងទៀតមានការប៉ះពាល់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










