ភ្នំពេញ ៖ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសម្រេចដាក់ចេញ នូវវិធានការរដ្ឋបាលជាបន្តទៀតហើយ ដោយតម្រូវឱ្យផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី១០ ខែកក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

ក្នុងសេចក្តីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ ត្រង់ប្រការ២ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចតទៅ ÷
- សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ,
- អាជីវកម្ម ក្លិបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៉ីណូ ,
- រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា ,
- អាជីវកម្មម៉ាស្សា ,
- រោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានលក្ខណៈកុះករកកកុញ មិនឲ្យលើសពី ១៥នាក់ , លើកលែងតែចំពោះករណី ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ និងការរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ក្នុងកម្មវិធីប្រពៃណី និងពិធីសាសនាផ្សេងៗ , ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយកសំណាកសព ទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន , ការជួបជុំរបស់ស្ថាប័នសាធារណៈ ដូចជាមន្ត្រីសុខាភិបាល , មន្ត្រីសមត្ថកិច្ច ។ល៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










