ភ្នំពេញ ÷ យុវជនម្នាក់បានបែកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនពេក ចុះពីលើស្ពានទៅបុកខឿនថ្ម ពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតកាលវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយចំណែកម៉ូតូជនរងគ្រោះ ម៉ាកវ៉េវ ពណ៌ខ្មៅ ដែលពាក់ផ្លាកលេខតាកែវ 1-X 9261។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1-X 9261 ធ្វើដំណើរចុះពីលើស្ពានក្នុងល្បឿនលឿន ពីកើតទៅលិច តាមផ្លូវជាតិលេខ១ ឡើងស្ពានព្រះមុនីវង្ស មិនប្រយ័ត្នបានជ្រុលទៅបុកនឹងខឿនថ្មពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌចំការមន រងចាំក្រុមគ្រួសារមកទួល។ ចំណែកសពយកទៅតម្កល់ទុក និងធ្វើសំណាករកវិជ្ជមានកូវីត១៩៕ រក្សាសិទ្ធិដោយ៖សា មេត



