ភ្នំពេញ ៖ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ Secure Logistics នឹងប្រកាសជាផ្លូវការអំពីការប្តូរឈ្មោះថ្មីរបស់ក្រុមហ៊ុនឡើងវិញ នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ នៅក្នុងសណ្ឋាគារសូហ្វីតែល។

នៅពេលខាងមុខនេះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ Secure Logistics នឹងធ្វើប្រតិបត្តិការក្រោមឈ្មោះថ្មីរបស់ខ្លួន។
ប្រីងគឺជាក្រុមហ៊ុនដឹកជញ្ជូនដែលមានសុវត្ថិភាពខ្ពស់ជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនចំណាស់ជាងគេ (ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៥៩) ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិច បានព្រមព្រៀងបង្កើតជាក្រុមហ៊ុន បណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុន វើលដ៏ប្រ៊ីដ Secure Logistics ក្នុងការនាំយកមកនូវសេវាកម្មថ្មីមួយ នៃការដឹកជញ្ជូនសាច់ប្រាក់ ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។ ពិធីប្តូរឈ្មោះ នឹងប្រកាសជាផ្លូវការនូវការផ្លាស់ប្តូរឈ្មោះនិងប្រតិបត្តិការនាពេលអនាគត ក្រោមពណ៏និងឡូហ្គោ របស់ក្រុមហ៊ុន ប្រីង។
អ្នកឧកញ៉ា សៀ ឫទ្ធីបានថ្លែងថា “ កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែធ្វើឲ្យយើង ដឹកជញ្ជូនសាច់ប្រាក់បានឡើងមួយកំរិតបន្ថែមទៀត។ យើងនឹងអាចផ្តល់សេវាកម្មថ្មីៗ ដូចជាការធ្វើប្រតិបត្តិការសាច់ប្រាក់ និងការស្តុកសាច់ប្រាក់ និងវត្ថុមានតម្លៃ។ ”
លោក Gary Freedman ប្រធានប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន ប្រីង បានថ្លែងថា “ ប្រទេសកម្ពុជាសាកសមនឹងយុទ្ធសាស្ត្ររួមរបស់យើងក្នុងការពង្រីកសេវាកម្មរបស់ ប្រីង ពាសពេញអាស៊ីអាគ្នេយ៍និងតំបន់អាស៊ីប៉ាស៊ីហ្វិក ”៕
រក្សាសិទ្ធិដោយ៖CEN


