ភ្នំពេញ ៖ ប្រិយមិត្តបានទទួលជ្រាបរួចហើយ ជុំវិញរឿងរ៉ាវជម្លោះក្តៅគគុកមួយ រវាងអ្នកទិញ និងអ្នកលក់ក្តាម នៅក្នុងផ្សារកសិផល កាលពីម្សិលមិញនេះ (ថ្ងៃទី៩ ខែកក្កដា ២០២១) ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដើរផ្សារ មកចោមរោមព្រោងព្រាតតែម្តង។

ជាការពិតណាស់ បើតាមសម្តីនារីអ្នកទិញក្តាម បានបញ្ជាក់ប្រាប់ឲ្យដឹងថា គាត់ទិញក្តាមនៅតូបយីហោ ឡុង ស្រីនិច ១គីឡូ ក្នុងតម្លៃ ៥ ម៉ឺនរៀល ប៉ុន្តែ នៅពេលយកទៅផ្ទះស្ងោរ ហែកហូប ក៏ស្រាប់តែរកឃើញថា ក្តាមមានក្លិនឆ្អេះ និងសាច់ផុយទៀតផង។ ដោយមិនសុខចិត្ត គាត់ក៏បានយកក្តាមមកឲ្យអ្នកលក់មើល ក្នុងបំណងឲ្យដោះស្រាយចំពោះរឿងនេះ ប៉ុន្តែ ខណៈពេលនោះក៏បានទាស់ពាក្យសម្តីដាក់គ្នាខ្លាំងៗ រហូតឈានដល់អ្នកលក់ ដែលនាងបានអះអាងថា បានប្រើអំពើហិង្សាមកលើនាងតែម្តង ខណៈនាងចូលទៅនិយាយស្រួលបួលសោះ។
តែដោយឡែក ក្រោយរងមតិមហាជននាំគ្នារិះគន់យ៉ាងចាស់ៗដៃមក នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ អ្នកលក់ក្តាមដែលរងការចោទប្រកាន់ប្រើអំពើហិង្សាទៅលើអតិថិជន ក៏បានចេញមុខផ្តល់បទសម្ភាសន៍ តាមរយៈក្រុមការងារ CEN ឲ្យដឹងថា តាមពិតទៅ រូបគាត់មិនបានប្រើអំពើហិង្សាដូចដែលនារីអ្នកទិញ ចោទប្រកាន់នោះឡើយ គឺមានកាមេរ៉ាសុវត្ថិភាពអាចធ្វើជាភស្តុតាងបាន ប៉ុន្តែ ដោយសារតែគាត់ (អ្នកទិញ) បានមកហាក់ពោរពេញទៅដោយកំហឹង ជាមួយកាយវិការត្រគោះបោះបោក ឈូងឆាំង ដោយមិននិយាយស្រួលបួលនោះទេ ហើយថែមទាំងលើកកាមេរ៉ាថតទៀត ជាហេតុធ្វើឲ្យគាត់ផ្ទុះកំហឹងស្រែកខ្លាំងៗ ផ្អើលពេញផ្សារកសិផលតែម្តង។

ស្រ្តីអ្នកលក់ ក៏បានបញ្ជាក់ដឹងថា ប្រសិនបើនិយាយគ្នាស្រួលបួល នោះគាត់មិនឲ្យស្អុយឈ្មោះចោលកន្លែងតូបតម្លៃរាប់ម៉ឺនដុល្លារ ត្រឹមក្តាមតម្លៃមិនដល់ ៥ ម៉ឺនរៀលនេះទេ ព្រោះគាត់បានឈរជើងលក់ក្តាម និងគ្រឿងសមុទ្រជាច្រើនមុខទៀត នៅក្នុងផ្សារនេះ អស់រយៈពេល ៨ ថ្ងៃ ឆ្នាំ ដោយពុំដែលមានបញ្ហាជាមួយអតិថិជនណាម្នាក់នោះឡើយ។
អ្នកលក់ ក៏បានទទួលស្គាល់ថា គាត់លក់គ្រឿងសមុទ្រទាំងនេះ គឺលើកយកពីគេដែរ ដោយមិនដឹងថា ក្តាមមានក្លិនឆ្អេះ ឬ យ៉ាងណានោះទេ ហើយករណីនេះ គាត់ក៏បានបញ្ជាក់ថា គាត់មិនមែនជាអ្នករើសឲ្យដែរ គឺនារីអ្នកទិញ គាត់ជាអ្នករើសយកដោយខ្លួនឯងប៉ុណ្ណោះ។

ដោយឡែក ទាក់ទងនឹងវីដេអូកាមេរ៉ា ត្រូវបានបញ្ចេញដោយពុំឃើញមានហិង្សាអ្វីនោះ ក៏ស្រាប់តែនារីអ្នកទិញបានចោទប្រកាន់ថា អ្នកលក់បានយកវីដេអូមកកាត់ចោលកន្លែងបង្កហិង្សាអស់ហើយ ហើយកាមេរ៉ានោះ ក៏ស្តាប់មិនឮអ្នកលក់ជេរមកលើរូបនាងយ៉ាងសាហាវៗនោះដែរ។ នាងក៏បានបញ្ជាក់ក្នុងខមិនថា អ្នកលក់មិនដូរឲ្យទេ សូម្បីចូលទៅសួរនាំ ក៏មិនចង់និយាយរកយើងដែរ ទាល់តែកើតមានរឿងបែបនេះ ធ្វើអ្នកលក់ៗ របស់ខូចគុណភាពឲ្យគេ តែគ្មានការទទួលខុសត្រូវសោះ។ ហើយនាងក៏បាននិយាយថា នាងយំនៅពេលនោះ គឺមិនមែនយំវ៉ៃគ្នាទេ គឺយំដោយសារឈឺចិត្តគេព្រួតវាយមកលើខ្លួនតែម្នាក់ឯង ហើយត្រូវគេដេញចេញពីផ្សារទៀត ហេតុនេះ នាងមិនសុខចិត្តនោះទេ ដោយបានបញ្ជាក់ក្នុងខមិនថា ប៉ូលិសនឹងធ្វើការលើរឿងនេះ៣ថ្ងៃទៀត។
តែទោះយ៉ាងណាខាងលើនេះ គឺគ្រាន់តែជាការបកស្រាយយកត្រូវរៀងៗខ្លួនរវាងអ្នកលក់ និងអ្នកទិញប៉ុណ្ណោះ ហេតុនេះ សូមបងប្អូនប្រិយមិត្តជួយធ្វើការពិចារណាទាំងអស់គ្នា ថាតើអ្នកណាខុសអ្នកណាត្រូវ ព្រោះបើគ្មានភ្លើងក៏គ្មានផ្សែងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















