ថ្មីៗនេះ តារាសម្តែងជើងចាស់ថៃម្នាក់ គឺអ្នកស្រី Aew Ampha Phusit បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលអ្នកស្រីបានបង្ហើបប្រាប់ការពិត ក្រោយពេលសម្រេចចិត្តធ្វើការកែសម្ផស្ស កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដោយសារអ្នកស្រីមិនពេញចិត្ត ទៅនឹងសម្រស់កាន់តែវិវត្តន៍ជ្រីវជ្រួញទៅតាមវ័យ ៦២ ឆ្នាំ ទៅហើយ។

អ្នកស្រី Pui Phimonwan នាយកប្រតិបត្តិនៃគ្លីនិកថែរក្សាសម្ផស្សដ៏ល្បីមួយ នៅក្នុងប្រទេសថៃ បានធ្វើការផ្សាយផ្ទាល់ ពីលទ្ធផលនៃការវះកាត់ ដ៏ជោគជ័យរបស់តារាស្រីជើងចាស់ Aew Ampha និងក៏បានបង្ហាញឲ្យអ្នកមហាជន បានឃើញពីកន្លែងដែលអ្នកស្រីបានធ្វើការវះកាត់ មានដូចជា វះកាត់ថ្នក់ក្រោមភ្នែក, កែត្របកភ្នែកខាងលើ, កាត់ខ្លាញ់ក្រោមចង្កា និងកាត់ត្រង់ថ្នក់ក្បែររង្វង់ត្រចៀកជាដើម។
ទាក់ទងការសម្រេចចិត្តកែសម្ផស្សនេះ អ្នកស្រី Aew Ampha បានប្រាប់ឲ្យដឹងថា ការវះកាត់នេះ គឺមានលក្ខណៈទ្រង់ទ្រាយធំ ដែលក៏ចង់ចែករំលែកឲ្យបងប្អូនបានដឹងដែរ ប៉ុន្តែ នៅពេលនេះ មិនទាន់ហ៊ាននិយាយច្រើនទេ ព្រោះខ្លាចប៉ះពាល់ដល់ស្នាមថ្នេររបួស។

តែយ៉ាងណា អ្នកស្រីពិតជារំភើបចិត្តនូវលទ្ធផលដែលទទួលបាន ដោយអ្នកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «ក្នុងថ្ងៃនេះ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ បើទោះជាការវះកាត់មានលក្ខណៈទ្រង់ទ្រាយច្រើនក៏ដោយ តែខ្ញុំគ្មានអារម្មណ៍ឈឺចាប់នោះទេ ព្រោះតែចង់ឲ្យមានសម្រស់នៅតែក្មេង សូមរង់ចាំតាមដានលទ្ធផលបន្តទៀតណា!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






