ភ្នំពេញ ៖ ក្រសួងបរិស្ថានបានយកឈើ ដែលរឹបអូសបានពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីផលិតក្តារមឈូស សផ្តល់ជូនអាជ្ញាធរពាក់ព័ន្ធ ប្រើប្រាស់សម្រាប់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់ របស់លោកនេត ភត្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

លោកនេត ភត្ត្រា បានបន្តថា រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ចំនួន ៨៨១នាក់ ហើយបានស្លាប់បាត់បង់ជីវិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ បានផ្ទុះឡើងនៅកម្ពុជា។ ឥឡូវនេះអត្រានៃការស្លាប់ប្រចាំថ្ងៃចន្លោះពី ២០ ទៅ៣០នាក់។ សូមចូលរួមបញ្ឈប់ការចម្លងនិងកាត់បន្ថយអត្រានៃការស្លាប់ តាមរយៈអនុវត្តវិធានការ ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួនបំផុត និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបន្តថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោកបានចុះពិនិត្យការផលិតក្តារមឈូស ដោយក្រុមមន្ត្រីមន្ទីរបរិស្ថាខេត្តកំពត និងរូបភាពក្តារមឈូស ដែលបានផលិតនៅតាមបណ្តាមន្ទីរបរិស្ថានខេត្តផ្សេងទៀត ដែលមានឈើចាប់បានពីបទល្មើសធនធានធម្មជាតិ និងបានការអនុញ្ញាតឱ្យប្រើប្រាស់។

លោកនេត ភត្ត្រា បានលើកឡើងថា បើខ្លាចកូវីដ១៩ សូមការពារខ្លួនអ្នក គ្រួសារអ្នកនិងសហគមន៍ពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ ៣ កុំ ៣ ការពារនិងគោរពតាមបទបញ្ជាទាំងឡាយ របស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល៕ រក្សាសិទ្ធិដោយ: ចេស្តារ




