Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយចេញទៅរកស៊ី កូនក្មេងអាយុ៣ឆ្នាំ ដុតផ្ទះខ្លួនឯងឆេះអស់

សៀមរាប ៖ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានមានប្រសាសន៍ថា “កូនក្មេងអាយុ៣ឆ្នាំដុតផ្ទះខ្លួនឯងឆេះអស់ទៀតហើយ! ខ្ញុំនៅតែមិនអស់ចិត្ត ថាហេតុអ្វីបានជារឿងបែបនេះនៅតែអាចកើតឡើងម្តងហើយម្តងទៀតបានដោយរបៀបណា?”។

លោកឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា រឿងដ៏គួរឱ្យអកុសលបែបនេះ ធ្លាប់កើតមានឡើងម្តងរួចមកហើយនៅក្នុងភូមិត្រពាំងថ្មដដែលនេះ កាលពីពេលមិនដល់មួយឆ្នាំផង ហើយសាច់រឿងក៏ស្រដៀងគ្នានឹងករណីមុនដែរ គឺទុកក្មេងតូចៗចោលនៅផ្ទះមិនមានមនុស្សចាស់មើល បណ្តោយឱ្យលេងភ្លើងរហូតដល់ធ្វើឱ្យឆេះផ្ទះរបស់ខ្លួន ដោយមិនអាចមានអ្នកណាមកជួយពន្លត់ទាន់។ សំណាងហើយដែលមិនមានគ្រោះថ្នាក់ ដល់អាយុជីវិតកូនតូចទាំង២នាក់ ឳពុកម្តាយបានត្រឹមតែរត់មកដល់ផ្ទះវិញ ទាំងត្រហេបត្រហប ឈរអោបគ្នាយំមើលទ្រព្យសម្បត្តិដែលខ្លួនខិតខំសន្សំរក មកបានទាំងអម្បាលម៉ានឆេះត្របាក់លេប ដោយអគ្គិភ័យអស់រលីង ត្រឹមតែក្នុងមួយប៉ប្រិចភ្នែក។ នាំគ្នាខឹងកូន វ៉ៃកូន តែវ៉ៃទៅបានអ្វីមកវិញ? ហើយតើវាពិតជាកំហុសរបស់ក្មេងឬយ៉ាងណា?

លោកបន្តថា ទំនួលខុសត្រូវជាឳពុកម្តាយមានទំហំធំធេងណាស់ បង្កើតជីវិតមកហើយចាំបាច់ត្រូវតែទទួលខុសត្រូវ ចំពោះជីវិតរបស់ពួកគេ ពាក្យថា”ដឹងក្តី“ទាមទារវ័យ និងអាយុសមស្របណាមួយ ទើបអាចដឹងសេចក្តី និងដឹងការណ៍ខុសត្រូវបាន ប៉ុន្តែវាប្រហែលជាអ្វីដែលប្តីប្រពន្ធវ័យ ទើបតែជាង២០ឆ្នាំទាំង២នាក់នេះមិនទាន់ អាចស្វែងយល់បានដោយខ្លួនឯងនៅឡើយទេ។ ម្នាក់រៀនបានត្រឹមថ្នាក់ទី៥ ហើយម្នាក់ទៀតបានត្រឹមថ្នាក់ទី៨តែប៉ុណ្ណោះ ដោយសារតែជីវភាពខ្វះខាត ទាំងពីរនាក់ប្តីប្រពន្ធត្រូវចេញទៅធ្វើការនៅក្រៅផ្ទះ ដោយទុកកូនតូចៗចោលឱ្យនៅលេងនឹងផ្ទះ ជួនកាលក៏ផ្ញើគេឱ្យជួយមើល ជួនកាលទៀតក៏មិនមានអ្នកមើលឱ្យ។ សម្រាប់ខ្ញុំ បើទោះជាមានពាក់ព័ន្ធនឹងភាពក្រីក្រដែរក៏ដោយ ខ្ញុំនៅតែដាក់បន្ទុកខ្លាំងទៅលើការខ្វះខាតចំណេះដឹងច្រើនជាង ហើយក៏ប្រហែលជាការដែលមិនទទួលបានការអប់រំ គ្រប់គ្រាន់នេះហើយដែលធ្វើឱ្យជីវភាពពួកគាត់ នៅតែជួបការលំបាក។

ភាពអវិជ្ជា និងភាពក្មេងវ័យខ្វះបទពិសោធបណ្តាលឱ្យមានភាពធ្វេសប្រហែស មើលមិនឃើញពីសារៈសំខាន់ នៃការបំពេញតួនាទីជាឳពុកម្តាយរបស់គេឱ្យបានត្រឹមត្រូវ ហើយគិតថាកត្តាជីវភាពសំខាន់ជាងអ្វីៗទាំងអស់។ ការយល់ឃើញបែបនេះអាចនឹងធ្វើឱ្យកូនៗរបស់ខ្លួន បាត់បង់ឱកាសទទួលបាននូវការអប់រំ ដូចជំនាន់របស់ខ្លួនដែរ ដែលអាចនឹងក្លាយទៅជាអន្ទាក់ ធ្វើឱ្យពួកគាត់ និងជំនាន់ក្រោយទៀតជាប់នៅក្នុងភាពក្រីក្រ ពិបាកនឹងរើខ្លួនចេញរួចបាន។ ខ្ញុំពិតជាសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បានរៀនសូត្រពីបទពិសោធដ៏អាក្រក់មួយនេះ រៀនប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងមុន ជាពិសេសឱ្យតម្លៃទៅលើការបំពេញ កាតព្វកិច្ចនៃការអប់រំបីបាច់ថែរក្សាកូន ឱ្យបានល្អប្រសើរជាងមុន។ ពីរនាក់ប្តីប្រពន្ធនេះនៅក្មេងៗនៅឡើយ អាចនៅមានឱកាសច្រើន ដើម្បីចាប់ផ្តើមជីវភាពសារជាថ្មី និងកសាងនូវអ្វីដែលខ្លួនបាត់បង់បាន។

ក្នុងនាមប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី លោកអភិបាលស្រុក បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌មួយចំនួន ទៅជូនដល់លំនៅឋានកើតហេតុភ្លាមៗ កាលពីពេលថ្មីៗនេះ ដើម្បីបានជួយសម្រាលទុក្ខលំបាកខ្លះៗ ក្នុងពេលដ៏សំខាន់មួយនេះ យ៉ាងហោចណាស់ក៏មិនចាំបាច់ឱ្យពួកគាត់ គេងហាលភ្លៀងហាលខ្យល់ នៅចំកណ្តាលខែវស្សានេះដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យត្រេកអរបំផុតនោះគឺ «អង្គការលំនៅឋានកម្ពុជា» បានឆ្លើយតបជាវិជ្ជមានភ្លាមៗ ទៅនឹងសំណូមពរជាពិសេសរបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីសាងសង់ផ្ទះថ្មីឡើងវិញ ជាបន្ទាន់ជូនដល់គ្រួសារដ៏ក្រីក្រមួយនេះផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×