Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជិន ម៉ាលីន ៖ ៤ចំណុចអំពីទិដ្ឋភាពច្បាប់ ជូនក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ១១ កក្កដា ២០២១ បានចេញលិខិតចំហរ៤ចំណុច អំពីទិដ្ឋភាពច្បាប់ ជូនក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយ លើមរណភាពបណ្ឌិត កែម ឡី។

១. ក្នុងករណីសំណុំរឿងបណ្ឌិត កែម ឡី រដ្ឋមានកាតព្វកិច្ចធ្វើការស៊ើបអង្កេត និងស្វែងរកនូវយុត្តិធម៌តាមផ្លូវច្បាប់ មិនមែនយុត្តិធម៌តាមផ្លូវអារម្មណ៍ និងផ្លូវនយោបាយតាមការទាមទារ របស់ក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយ លើមរណភាពបណ្ឌិត កែម ឡី នោះទេ។ យុត្តិធម៌តាមផ្លូវច្បាប់ មានន័យថា ការសម្រេចសេចក្តីត្រូវធ្វើឡើងដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន ព្រមទាំងមូលដ្ឋានភស្តុតាង និងសក្ខីកម្មផ្នែកច្បាប់រឹងមាំ ដែលកើតចេញពីការស៊ើបអង្កេតរបស់សមត្ថកិច្ច។

២. ក្នុងសំណុំរឿងព្រហ្មទណ្ឌ ប្រសិនបើភាគីពាក់ព័ន្ធណាមួយ មិនអាចទទួលយកបានការសម្រេចរបស់តុលាការ ពួកគេអាចប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ ក្នុងការប្តឹងទាស់ ប្តឹងឧទ្ធរណ៍ ឬប្តឹងសើរើក៏បាន ក្នុងករណីសេចក្តីសម្រេចចូលជាធរមានរួចហើយក៏ដោយ តែត្រូវមានភស្តុតាង ទឡ្ហីករណ៍ និងសក្ខីកម្មផ្នែកច្បាប់រឹងមាំ ផ្ទុយទៅនឹងការរកឃើញរបស់សមត្ថកិច្ច។

៣. ជាក់ស្តែង ក្រុមដែលធ្វើអាជីវកម្មនយោបាយ លើមរណភាពបណ្ឌិត កែម ឡី នាពេលកន្លងមក មិនដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួន តាមផ្លូវច្បាប់ទាំងអស់នេះទេ ក្រៅតែពីការថ្លែងសារនយោបាយ ចោទប្រកាន់ រិះគន់ បន្តុះបង្អាប់សមត្ថកិច្ច និងដាក់ការមន្ទិលសង្ស័យ ដោយមិនមានភស្តុតាងផ្ទុយ និងមូលដ្ឋានផ្នែកច្បាប់រឹងមាំអ្វីទាំងអស់ តែផ្ទុយទៅវិញបែជាតម្រូវឱ្យសមត្ថកិច្ច ជាអ្នកស្វែងរកភស្តុតាងផ្ទុយទាំងអស់នោះទៅវិញ ដែលនេះ គឺខុសទៅនឹងនីតិវិធី និងបញ្ញត្តិច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា។

៤. ចំណែកឯការដែលស្នើឱ្យបង្កើតគណៈកម្មការឯករាជ្យមានការចូលរួមពីបរទេស ដើម្បីស៊ើបអង្កេតលើសំណុំរឿង ដែលតុលាការនៃរដ្ឋអធិបតេយ្យមួយ បានបំពេញកិច្ចនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ របស់ខ្លួនចប់សព្វគ្រប់រួចអស់ហើយនោះ ក៏មិនអាចទៅរួចដែរ ដោយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ជាតិរបស់កម្ពុជា ជាពិសេសគោលការណ៍ច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងអធិបតេយ្យភាព របស់រដ្ឋ ដែលមិនអនុញ្ញាត ឱ្យបង្កើតរដ្ឋលើរដ្ឋអធិបតេយ្យនោះឡើយ៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×