Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំបន្ថែម អំពីសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩

ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺអូវីដ-១៩ បានជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត កម្មវត្ថុ៖ ការអប់រំណែនាំបន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩។

យោង៖ សេចក្តីសម្រេចលេខ ០៧៨ សនក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីការដាក់ឱ្យអនុវត្ត គោលការណ៍ណែនាំស្តីពីវិធានសុវត្ថិភាពផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែល មានផ្ទុកវីរុសកូវីដ-១៩។

ឯកឧត្តម ម៉ម ប៊ុនហង សូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថា ក្រសួងសុខាភិបាលបានដាក់ ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីវិធានសុវត្ថិភាពផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ ក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់ បន្ថយហានិភ័យសុខភាពសាធារណៈ។

បន្ថែមទៅលើគោលការណ៍ណែនាំនេះ ឯកឧត្តម ម៉ម ប៊ុនហង សូមឯកឧត្តម លោកជំទាវ យកចិត្តទុកដាក់ អប់រំណែនាំឲ្យអនុវត្តតាមខ្លឹមសារដូចខាងក្រោម៖

១-វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈ ការនិយាយទល់មុខជិតគ្នា ក្អក កណ្តាស និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗដែលមានមេរោគ។ គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសពត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមាន ការរុះរើ ឬបើកថង់រុំសាកសពនោះ។

២-ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរុស កូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើក មឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយ អាល់កុល ឬដែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។

៣-ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ ៦នាក់ និងត្រូវពាក់សម្ភារៈ ការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួន មិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួម ចំងាយ ១,៥ម៉ែត្រ ពីគ្នា និងចំងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវធ្វើការអប់រំណែនាំបន្ថែមអំពីសុវត្ថិភាព និងលើកទឹកចិត្តដល់ មន្ត្រី-បុគ្គលិក និងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសាកសព និងកិច្ចការបូជា ឬបញ្ចុះសព កុំឱ្យមានការភ័យខ្លាច ឬមន្ទិលសង្ស័យ និងសូមចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ សេចក្ដីថ្លៃថ្នូរទៅតាមទំនៀមទម្លាប់ប្រពៃណី សាសនា ដើម្បី បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×