ភ្នំពេញ ÷ សាឡង់បូមខ្សាច់មួយគ្រឿង បានបើកទៅបុកទូកនេសាទ ជាជនជាតិខ្មែរអ៊ីស្លាម ពេញទំហឹងបណ្តាលឲ្យទូកដាច់ជា២ បានលិចចូលទៅក្នុងទន្លេបាត់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សនៅលើទូក។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ២០នាទី ថ្ងៃត្រង់ ទី ១១ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ចំណុចទលមុខនិងអូតែលសុខា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ។
ម្ចាស់ទូកមានឈ្មោះ ស្មាន់ ខសិន ភេទប្រុស អាយុ ៦០ ឆ្នាំ ត្រូវជាប្តី និងប្រពន្ធ ឈ្មោះ លែប អាធីកាស អាយុ ៦០ ឆ្នាំដូចគ្នា រួមទាំងកូន មានឈ្មោះ សារ គីរីន ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បើយោងតាមការរៀបរាប់ពីម្ចាស់ទូក ជាជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ និងក្រុម គ្រួសារ នៅក្នុងទូកមានគ្នា ៣នាក់ បានជិះទូកនេសាទមួយគ្រឿង មកពីលក់ត្រីនៅភ្នំពេញ ខណៈ ពេលដែលគាត់បានត្រឡប់មកវិញស្រាប់តែ មានសាឡង់ដឹកខ្សាច់មួយគ្រឿង បានធ្វើដំណើរក្នុងទិសដៅពី ត្បូងទៅជើងក្នុងល្បឿនលឿនបាន ជ្រុលទៅបុកទូករបស់ពួកគាត់ ពេញទំហឹងបណ្តាល ឲ្យទូកដាច់ចេញជា២បានលិច ចូលទៅក្នុងទន្លេបាត់ ចំណែកឯគាត់និងប្រពន្ធកូន បានហែលស្រែកឲ្យអ្នកជិតខាង បើកទូកចុះទៅស្រង់គាត់ឡើងមកលើគោកវិញ ដោយប្រពន្ធរបស់គាត់ រងរបួសក្បាលតិចតួចផងដែរ។ បន្ទាប់មកក៏សាឡង់មួយគ្រឿង ជាអ្នកបង្កបើកទៅមុខរត់គេចបាត់ស្រមោលទៅ ដោយបានសន្យាជាមួយម្ចាស់ទូក ថានឹងដោះស្រាយជូន។

ក្រោយពេលកើតហេតុ បានបងប្អូនអ្នកនេសាទ បានចេញទូកចុះជួយ រកក៏បានឃើញម៉ាសុីន ក៏នាំគ្នាយកខ្សែចងទាញឡើង មកលើគោកវិញតែម្តង ទៅចំណែកទូកវិញ ត្រូវបានដាច់ចេញជា២លិច ទៅក្រោមបាត់ទៅដោយនៅក្នុងនោះ មានសម្ភារជាច្រើនរួមទាំងលុយ ៥០០០$ ផងដែរ៕ រក្សាសិទ្ធិដោយ៖សា មេត





