ភ្នំពេញ÷អគ្គីភ័យត្រូវបានលេបត្របាក់ឃ្លាំងស្តុកគ្រឿងអគ្គិសនីយ៉ាងសន្ធោសន្ធៅអស់ស្ទើទាំងស្រុងបង្កឡើងដោយសង្ស័យថាឆ្លងចរន្តអគ្គិសនីបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរថយន្តពន្លត់អគ្គិសភ័យចុះមកជួយបាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើង កាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសឡា ៣៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់បានឃើញអណ្តាតភ្លើងឆេះ ចេញពីក្នុងឃ្លាំងស្តុកគ្រឿងអគ្គិសនី យ៉ាងសន្ធោសន្ធៅដោយពួកគាត់ នាំគ្នាទាញទុយោទឹកតាមផ្ទះបាញ់ ទប់ស្កាត់បន្ទាប់មកក៏ពួកគាត់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់។

ក្រោយពីខាងរថយន្តពន្លត់អគ្គិភ័យនៃស្នងការរងរាជធានីភ្នំពេញ ទទួលដំណឹងថា មានអគ្គិភ័យកំពុងតែឆាបឆេះឃ្លាំងស្តុងគ្រឿងអគ្គិសនី ក៏បានចេញរថយន្តមកជាច្រើនគ្រឿង ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទៅវិញផងដែរ។
ក្រោយពីអគ្គិភ័យបានរលត់ទៅវិញ ឃើញថាមានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការរាជធានីភ្នំពេញ មកដល់កន្លែងកើតហេតុជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។
ហើយនៅក្នុងគ្រោះអគ្គិភ័យមួយនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងអ្នករងរបួសនោះទេ រងងការខូចខាតតែសម្ភារ នៅក្នុងឃ្លាំងស្ទើរទាំងស្រុង៕ រក្សាសិទ្ធិដោយ៖ សា មេត


