ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC សម្រេចមិនលើកពេលការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក រវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា នោះទេ គឺប្រគល់ជ័យលាភីឲ្យទៅ ឃីម បូរ៉ា តែម្ដង ខណៈ ម៉ឺន មេឃា បានចាប់បោកកីឡាករ ឃឹម បូរ៉ា ឲ្យសន្លប់ខុសលក្ខន្តិកៈនៃការប្រកួត នៅក្នុងទឹកទីកទី៣ កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ហើយថា កាលពីដំបូង គឺអាជ្ញាកណ្តាលបានកាត់ក្តី លើកពេលទៅប្រកួតនៅពីរសប្តាហ៍ក្រោយ។

ការសម្រេចបែបនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រតិកម្ម ដោយលើកឡើងថា ខ្ញុំសូមនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡាបន្តិចថា តើយើងត្រូវពង្រឹងអាជ្ញាកណ្តាល, កីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុណថ្មី ? ឬកំណត់លក្ខណ្ឌប្រកួតថ្មី ? ព្រោះថា កីឡាករវាយខុសក្បួនហើយ មិនព្រមប្រកាសលទ្ធផល បែរជាលើកពេលទៅប្រកួតនៅពេលក្រោយទៅវិញ។ តើវិស័យកីឡាប្រដាល់យើង ឈានទៅមុខម្តេចបានទៅ បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN














