ភ្នំពេញ ៖ រហូតមកទល់ពេលនេះ តារាចម្រៀង អុីវ៉ា ហាក់នៅមិនទាន់មានពន្លឺ អំពីគូស្រករឲ្យគេឯងបានឃើញ។ បើទោះជានាង ធ្លាប់លេចឭមានអ្នកតាមស្រឡាញ់ ចងចិត្តចងបេះដូង តែចុងក្រោយហាក់មិនទាន់ បើកចំហរថា បុរសណាជាគូ របស់នាងពិតប្រាកដ។ ចំណែកលោកឪពុកនាង មិនហ៊ានសួរនាំ ចិត្តកូននោះទេ ដើម្បីឲ្យនាង សម្រេចចិត្តដោយខ្លួនឯងចុះ ចំពោះគូជីវិតនេះ។

ទោះជាអ៊ីវ៉ា ចាប់ផ្ដើមលេងម៉ូដឡាននៅរដូវកូវីដមែន ប៉ុន្ដែនាងធ្លាប់វាចាថា គ្មានបំណងទិញផ្ទះនៅភ្នំពេញនោះទេ ពោលគឺនៅតែទៅរស់នៅផ្ទះឪពុកម្ដាយ នៅខេត្តកំពង់ស្ពឺ ដែលចំណាយពេលដល់ទៅ១ម៉ោង ក្នុងការធ្វើដំណើរមកច្រៀង តាមប៉ុស្ដិ៍ទូរទស្សន៍នៅភ្នំពេញ។ នាងថានោះ គឺជាទម្លាប់ ព្រោះផ្ទះនៅស្រុកនោះ មានទីធ្លាធំទូលាយស្រួលរស់នៅ ហើយពេលជិះរថយន្ដ ទៅមកៗជាច្រើនឆ្នាំមកនោះ មានអារម្មណ៍ថាមិនឆ្ងាយទេ។
តារាចម្រៀងសាច់សខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា បើទោះជាពេលនេះ បាត់បង់ប្រាក់ចំណូលទាំងស្រុង ពីការច្រៀងសម្ដែង តាមបណ្ដាខេត្តរយៈពេល២ឆ្នាំ ជាប់គ្នាព្រោះតែកូវីដ-១៩ក្ដី ប៉ុន្ដែមិនធ្វើឲ្យស្រីស្រស់ជួបវិបត្តិសេដ្ឋកិច្ចឡើយ។

នៅពាក់កណ្ដាលឆ្នាំ២០២១ ដែលនាងអ៊ីវ៉ា ឈានចូលវ័យ២៨ឆ្នាំនេះ គេឃើញតារាសាន់ដេរូបនេះ បានជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នាក្នុងនោះមានFord ,Starex និងLexus Rx330 ខណៈដែលថ្មីៗនាងក៏បានចំណាយទុនជាច្រើន ដោយពង្រីកហាងលក់សម្លៀកបំពាក់ និងបើកហាងបុកល្ហុង នៅស្រុកកណើតផងដែរ។ ប៉ុន្ដែអ៊ីវ៉ា មិនសប្បាយចិត្តនោះទេ ព្រោះថ្មីៗនេះ មានគេរិះគន់ថា នាងជាអ្នកចម្រៀងអត់ឃើញចេញបទថ្មីៗ បែរជាឃើញតែបង្អួត ការបុកល្ហុងដដែលៗ ទៅវិញទើបធ្វើឲ្យអ៊ីវ៉ា មួរម៉ៅក្ដៅចិត្ត៕ រក្សាសិទ្ធិដោយ៖ដំ












